សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ផ្ទៃដីទីក្រុងភ្នំពេញ បានកើនឡើងពី៣០០គីំឡូម៉ែត្រការ៉េ (គម២) មកជាង ៧០០គីំឡូម៉ែត្រការ៉េ (គម២) រីឯ ប្រជាជនវិញ ក៏មានការកើនឡើងខ្លាំងក្លាផងដែរ។
សម្តេចតេជោ ថ្លែងបែបនេះ ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលារបស់ឯកអគ្គរដ្ឋទូតធារណរដ្ឋប្រជាមានិតបង់ក្លាដែស លោក Mohammed Abdul Hye ជាមួយសម្តេចតេជោ កាលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកអគ្គរដ្ឋទូតបង់ក្លាដែស ដែលបានចូលរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងកម្ពុជា-បង់ក្លាដែស ក្នុងអាណត្តិរបស់លោក ខណៈសម្តេចតេជោ បានធ្វើការជាមួយគ្នាយ៉ាងច្រើនក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សម្តេចបានលើកឡើងថា សម្តេច និងប្រជាជនកម្ពុជាខិតខំប្រឹងប្រែងណាស់ ដើម្បីសម្រេចបានសន្តិភាពដោយខ្លួនឯង ហើយសន្តិភាពបែបនេះ មិនមានទេនៅកម្ពុជា ក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយនេះ ។
សម្តេចតេជោ បានបញ្ជាក់បន្តថា៖« ពេលបញ្ចប់សង្គ្រាមបានទាំងស្រុង សម្តេចបានប្រមូលកម្លាំងមនុស្ស និង ប្រាជ្ញា ដើម្បីខិតខំសម្រេចកំណើនសេដ្ឋកិច្ច ជាង៧% ក្នុងរយៈពេលជាងពីរទសវត្សរ៍ ។ រហូតដល់ឆ្នាំ២០០៤ ទីក្រុងភ្នំពេញ មានអគារខ្ពស់ត្រឹមតែប្រាំពីរជាន់ តែមួយគត់ប៉ុណ្ណោះ តែឥឡូវមានអគារខ្ពស់ ម្ភៃ សាមសិបជាន់ រាប់រយ។ ផ្ទៃដីទីក្រុងភ្នំពេញ បានកើនឡើងពី៣០០គម២ មកជាង ៧០០គម២ រីឯ ប្រជាជនក៏មានការកើនឡើងខ្លាំងក្លាដែរ។
ជុំវិញការលើកឡើងរបស់សម្តេចតេជោ ឯកអគ្គរដ្ឋទូតបង់ក្លាដែស បានអបអរសារនិងកោតសរសើរកម្ពុជា ដែលក្រោមការដឹកនាំរបស់ សម្តេចតេជោ បានប្រែក្លាយពីប្រទេសក្រីក្រខ្លាំងនិងមានជម្លោះរ៉ាំរ៉ៃ មកជាប្រទេសដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនឆាប់រហ័ស ដែលជាមេរៀននិងគម្រូល្អសម្រាប់ប្រទេសដទៃ។ មេដឹកនាំដូចប្រទេសកម្ពុជាមាន មិនមានច្រើនទេនៅក្នុងពិភពលោក។
លោកបន្តថា ទាំងនេះ គឺដោយសារ កម្ពុជាមានសន្តិភាព ស្ថិរភាព ទើបមានការអភិវឌ្ឍ។ រដ្ឋាភិបាលបង់ក្លាដែស ជាពិសេស លោកជំទាវនាយករដ្ឋមន្ត្រី Sheikh Hasina បានចាត់ទុកតំបន់អាស៊ីអាគ្នេយ៍ រួមមានកម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា … ជាភូមិផងរបងជាមួយ។ នៅពេលប្រទេសមីយ៉ាន់ម៉ា មានស្ថិរភាព តំបន់អាស៊ីអាគ្នេយ៍នឹងកាន់តែស្ថិរភាព សន្តិភាព និងការអភិវឌ្ឍបន្ថែមទៀតជាមិនខាន។ ដូចនេះ ត្រូវរក្សាសន្តិភាពឱ្យស្ថិតស្ថេរជាដរាប។
សូមរម្លឹកដែរថា បើតាមមន្ត្រីជំនាញធ្លាប់បានឱ្យដឹងទៀតថា ទាក់ទិនទៅនឹងកំណើនថ្មីៗនេះ និងបើយោងតាមព្រះរាជក្រឹត្យរបស់ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០របស់ព្រះមហាក្សត្របានត្រាស់បង្គាប់ក្នុងមាត្រា១ ត្រូវបានកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយកាត់យកភូមិចំនួន៥គឺ ភូមិស្ទឹងជ្រៅ និងភូមិព្រែកតាពៅ នៃសង្កាត់ដើមមៀន ភូមិព្រែកអញ្ចាញ នៃសង្កាត់ព្រែកឫស្សី ភូមិព្រែកឡុង នៃសង្កាត់តាក្តុល និងភូមិបត្តាជី នៃសង្កាត់ព្រែកហូរ ដែលមានផ្ទៃដីទំហំ ៣០២ហិកតា ៩៣៩១ម៉ែត្រការ៉េ ពីក្រុងតាខ្មៅខេត្តកណ្តាល មកឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងកាត់យកផ្ទៃដីទំហំ ២ហិកតា៥១៥៥ម៉ែត្រការ៉េ(ចំណែកដីនៃវត្តបុទុមសាគរ ហៅវត្តទួលតាក្របៅ) ពីសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជាងនេះទៀត បើយោងតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រខាងលើនេះ រាជធានីភ្នំពេញ អាចមានកំណើនផ្ទៃដីកើនឡើងបន្ថែមទៀត ព្រោះបានកាត់ផ្ទៃដីពីខេត្តកណ្តាល និងកាត់ខ្លះពីរាជធានីភ្នំពេញទៅឱ្យខេត្តកណ្តាលវិញ ដូចនេះអាចកើនដល់ជាង៧០០គីឡូម៉ែត្រការ៉េ៕ អត្ថបទ៖ រង្សី