ឯកឧត្ដម ស៊ុន ចាន់ថុល ជួបពិភាក្សាជាមួយគណៈប្រតិភូ ក្រុមហ៊ុនសាជីវកម្មប្រឹក្សាវិស្វកម្មអន្តរជាតិចិនលើការងារបច្ចេកទេស និងផ្ដល់ព័ត៌មានលម្អិតនានាអំពីគម្រោងព្រែកជីកហ្វូណនតេ

សង្គម​ និង​សេដ្ឋកិច្ច

កាលពីរសៀលថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ក្រុមហ៊ុនសាជីវកម្មប្រឹក្សាវិស្វកម្មអន្តរជាតិចិន (China International Engineering Consulting Corporation – CIECC) ដឹកនាំដោយលោកស្រី Jiang Fuhua នាយិកាមជ្ឈមណ្ឌលស្រាវជ្រាវរបស់ CIECC ស្ដីពីគម្រោងព្រែកជីកហ្វូណនតេជោ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងអង្គប្រជុំក៏មានការអញ្ជើញចូលរួមផងដែរ ពីឯកឧត្តមរដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ខេត្តកែប អភិបាលរងខេត្តកំពត និងខេត្តតាកែវ ព្រមទាំងឯកឧត្តម លោកជំទាវ មន្ត្រីបច្ចេកទេស តំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងអ្នកជំនាញការជាច្រើនរូប។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាលើការងារបច្ចេកទេស និងផ្ដល់ព័ត៌មានលម្អិតនានាអំពីគម្រោងព្រែកជីកហ្វូណនតេជោ។ 

ដោយនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពន្យល់ជូនលោកស្រី Jiang Fuhua និងអង្គប្រជុំកាន់តែលម្អិតបន្ថែមទៀត អំពីគម្រោងព្រែកជីកហ្វូណនតេជោ រួមមានភូមិសាស្រ្តនៃតម្រាយខ្សែផ្លូវទឹកធម្មជាតិរបស់គម្រោង ដែលជាតម្រាវផ្លូវទឹកបុរាណបានបន្សល់ទុកស្រាប់ និងធ្លាប់បានប្រើប្រាស់តាំងពីអាណាចក្រហ្វូណន លទ្ធផលនៃការសិក្សាលើគ្រប់បច្ចេកទេសពាក់ព័ន្ធរួមមាន ការរចនាប្លង់សាងសង់ផ្លូវទឹក វិភាគជលសាស្រ្ត បរិស្ថាន សេដ្ឋកិច្ចសង្គម វិស្វកម្មបូមស្តារព្រែកជីក និងគ្រប់ទិដ្ឋភាពជំនាញបច្ចេកទេសលើគ្រប់វិស័យដែលពាក់ព័ន្ធ។

តាមរយៈសន្ទះផ្លូវទឹកចំនួន ៣កន្លែង ដែលគ្រោងនឹងសាងសសង់ស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប អាចធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅក្នុងបណ្តាញផ្លូវទឹកសាប និងអាចកំណត់បរិមាណនិងអត្រានៃរំហូរទឹកសាបដែលត្រូវហូរចេញទៅសមុទ្របានផងដែរ ដែលមិនអាចបង្ករឱ្យមានផលប៉ះពាល់លើផ្នែកបរិស្ថានឡើយ ប៉ុន្តែផ្ទុយទៅវិញគម្រោងនេះនឹងជួយរក្សាលំនឹងចីរភាពបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងបង្កើតជម្រកចម្រុះគ្រប់ប្រភេទ កាត់បន្ថយទឹកជំនន់នៅខេត្ត នៅក្នុងប្រទេសកម្ពុជា និងអាចការពារមិនឱ្យមានទឹកជំនន់ពីប្រទេសកម្ពុជាហូរចូលប្រទេសវៀតណាម។

ជាក់ស្តែង តាមការសិក្សាយ៉ាងលម្អិតបានបង្ហាញថា បច្ចុប្បន្នទឹកហូរពីទន្លេមេគង្គទៅសមុទ្រមានប្រមាណ ៨០០០ម៉ែត្រគូបក្នុងមួយវិនាទី(8000m3/s) ចំពោះទន្លេបាសាក់មានទំហំ ១៤០០ម៉ែត្រគូបក្នុងមួយវិនាទី(1400m3/s) ចំណែកគម្រោងព្រែកជីកហ្វូណននឹងប្រើប្រាស់ទឹកត្រឹមតែ ៥ម៉ែត្រគូបក្នុងមួយវិនាទី(5m3/s) តែប៉ុណ្ណោះ ឬប្រមាណ ០,០៥៣%៕