រដ្ឋាភិបាលចិននៅតែគាំទ្រកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គម- សេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច


លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា រដ្ឋាភិបាលចិននឹងនៅតែបន្តគាំទ្ររដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការគូសបញ្ជាក់បែបនេះរបស់លោក វ៉ាង វិនធាន នៅក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតចូលជួបសម្តែងការគួរសម និងជម្រាបលាក្នុងការបញ្ចប់អាណត្តិ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។

ក្នុងជំនួបនោះ លោក វ៉ាង វិនធាន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចនូវសមិទ្ធផលធំៗជាច្រើនលើវិស័យនយោបាយ សេដ្ឋកិច្ច ការទាក់ទាញវិនិយោគិន ការដាក់ចេញកម្មវិធីកែទម្រង់ស៊ីជម្រៅ និងការធ្វើឲ្យប្រសើរឡើងនូវវិស័យទេសចរណ៍ជាដើម។

លោកក៏បានសម្តែងការពេញចិត្តដែលបានរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ក្នុងបេសកកម្មការទូតរបស់លោកនៅកម្ពុជា ដោយសម្រេចបានសមិទ្ធផលធំៗគួរឲ្យកត់សម្គាល់ដូចជា ពហុកីឡាដ្ឋានជាតិមរតកតេជោ, ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ, ក៏ដូចជាការរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងកូវីត១៩ផងដែរ ដែលទាំងនេះបានឆ្លុះបញ្ចាំងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រសើរ ក្នុងឋានៈជាមិត្តដែកថែប។

ជាមួយគ្នានោះ លោកក៏បានគូសបញ្ជាក់ថា រដ្ឋាភិបាលចិននឹងនៅតែបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ជាការឆ្លើយតប សម្រេចធិបតីបានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់លោក វ៉ាង វិនធាន នៅកម្ពុជា ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឲ្យកាន់តែរឹងមាំ និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ដែលបានរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឲ្យមានការរីកចម្រើនជាលំដាប់៕