សម្តេចធិបតី៖ មកដល់ពេលនេះ កម្ពុជា សម្រេចបានការប្រើប្រាស់ថាមពលស្អាតសរុបចំនួន ៦២%

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា គិតត្រឹមបច្ចុប្បន្ននេះ កម្ពុជាសម្រេចបាន នូវការប្រើប្រាស់ថាមពលស្អាតចំនួន ៦២% នៃការប្រើប្រាស់ថាមពលសរុប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងសម្តេចធិបតី និងលោក Tan Sri Dato Lim Soon Peng ប្រធានសភាពាណិជ្ជកម្ម ត្រកូលលីនពិភពលោក និងគណៈប្រតិភូ នៅវិមានសន្តិភាព កាលនារសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។

នាឱកាសនោះ សម្តេចធិបតី បានឱ្យដឹងថា ដើម្បីគាំទ្រដល់ការវិនិយោគនៅកម្ពុជា រដ្ឋាភិបាលបានដាក់ចេញនូវច្បាប់ គោល នយោបាយ និងយន្តការសំខាន់ៗ ដែលរួមមាន៖ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាសន្តិភាព និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាការគ្រប់គ្រងអតិផរណា ដើម្បីធានាបាននូវបរិយាកាសវិនិយោគមួយដែលអាចប៉ាន់ប្រមាណបាន នៅកម្ពុជា។ ទន្ទឹមគ្នានេះ សម្តេចធិបតី អះអាងថា ក្នុងនោះដែរ ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដូចជាកំពង់ផែទឹកជ្រៅ ព្រលានយន្តហោះថ្មី ការធ្វើទំនើបកម្មផ្លូវដែក ដើម្បីប្រែក្លាយកម្ពុជាជាមជ្ឈមណ្ឌលឡូជីស្ទីកតំបន់ ក៏ជាគោលនយោបាយសំខាន់របស់រដ្ឋាភិបាលថែមទៀត។

បន្ថែមពីនេះ សម្តេចធិបតី បានបន្តថា៖« រដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយក្នុងការអភិវឌ្ឍថាមពលស្អាត ដោយបច្ចុប្បន្ននេះកម្ពុជាសម្រេចបាន នូវការប្រើប្រាស់ថាមពលស្អាតចំនួន ៦២% នៃការប្រើប្រាស់ថាមពលសរុប និងបានដាក់ចេញនូវទិសដៅ ជំរុញការប្រើប្រាស់ថាមពលស្អាតឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០ងដែរ»។

គួរបញ្ជាក់ដែរថា តាមរយៈជំនួបពិភាក្សាជាមួយសម្តេចធិបតី នេះដែរ លោក Tan Sri Dato Lim Soon Peng ប្រធានសភាពាណិជ្ជកម្ម ត្រកូលលីនពិភពលោក និងគណៈប្រតិភូ ក៏បានគោរពជម្រាបជូនសម្តេចធិបតីអំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក និងគណៈប្រតិភូ គឺដើម្បីសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតពីសក្តានុពលរបស់កម្ពុជាក្នុងការវិនិយោគលើវិស័យសំណង់ អចលនទ្រព្យ កសិកម្ម ថាមពលបៃតង សុខាភិបាល និងវិស័យមួយចំនួនទៀត។ ជាមួយគ្នានេះ សភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ក៏នឹងសហការជាមួយសមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា ក្នុងការរៀបចំសន្និសីទមួយ ដែលគ្រោងនឹងរៀបចំឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ នៅកម្ពុជា ដោយមានអ្នកចូលរួមពីបណ្ដាសមាជិក និងវិនិយោគិន នៃសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ប្រមាណ ១០០០ ទៅ ២០០០នាក់ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង ក៏ដូចជាស្វែងរកនូវកាលានុវត្តភាព និងសក្ដានុពលក្នុងការវិនិយោគ នៅកម្ពុជាផងដែរ៕ អត្ថបទ៖ រង្សី