កម្ពុជាភ្ញាស់កូនត្រីគល់រាំងលើកដំបូងដោយជោគជ័យ ក្រោយចិញ្ចឹមត្រីមេពូជជិត ១០ឆ្នាំ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជាទទួលបានជោគជ័យក្នុងការបង្កាត់ ភ្ញាស់កូនត្រីគល់រាំងជាលើកដំបូង ក្រោយពីបានព្យាយាមចិញ្ចឹមបំប៉នត្រីមេពូជ ញី ឈ្មោល រហូតពេញវ័យអស់រយៈពេលជិត១០ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងកាលពីថ្ងៃទី២៧ ខែឧសភាថា កូនត្រីគល់រាំងកម្ពុជាបានចាប់កំណើតនៅវេលាម៉ោង៣ព្រឹក កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។ដែលនេះជាលទ្ធផលលើកដំបូងនៅកម្ពុជា ដែលក្រុមស្រាវជ្រាវបច្ចេកទេសវារីវប្បកម្ម នៃវិទ្យាស្ថានជាតិស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប សម្ដេចតេជោ ហ៊ុន សែន បានបង្កាត់ ភ្ញាស់កូនត្រីគល់រាំង ទទួលជោគជ័យជាលើកដំបូង ក្រោយពីបានព្យាយាមចិញ្ចឹមបំប៉នត្រីមេពូជ ញី ឈ្មោល រហូតពេញវ័យអស់រយៈពេលជិត១០ឆ្នាំ។

គួរឲ្យដឹងថា ត្រីគល់រាំងជានិមិត្តរូបមច្ឆជាតិកម្ពុជាដែលកំពុងបង្កើនកិច្ចគាំពារ ខណៈវាគឺជាប្រភេទត្រីដ៏កម្រ និងជាប្រភេទត្រីប្រឈមនឹងការផុតពូជ ដែលទាមទារឱ្យមានការចូលរួមការពារ និងអភិរក្សឱ្យនៅគង់វង្ស។

ត្រីគល់រាំងជាប្រភេទត្រីទឹកសាបដែលធំបំផុតមួយក្នុងចំណោមត្រីធំៗបំផុតទាំង បីប្រភេទ៖ ទី១ ត្រីបបែលយក្ស ,ទី២ ត្រីរាជ និងទី៣ ត្រីគល់រាំង ។ ត្រីគល់រាំង ជាប្រភេទត្រីមានស្រកាតែមួយគត់នៅកម្ពុជា ដែលអាចលូតលាស់រហូតដល់ទម្ងន់ប្រមាណ៣០០គីឡូក្រាម និងប្រវែងពី២ទៅ៣ម៉ែត្រ ហើយត្រីនេះអាចរស់នៅបានទាំងទន្លេនិងបឹង ហើយត្រូវបានប្រជាជនប្រសិទ្ធនាមថា “ស្តេចបឹង” ។លើសពីនេះ វាអាចរស់នៅបានរហូតដល់អាយុ៦០ឆ្នាំ និងអាចពងកូនម្តងរង្វង់ពី៦០ម៉ឺន ទៅ៨០ម៉ឺនកូន ប៉ុន្តែហានិភ័យនៃការប្រឈមរបស់ត្រីគល់ រាំងនៅតែខ្លាំងដដែល ដោយសារការនេសាទខុសច្បាប់ ការជាប់មងដោយចៃដន្យ និងការ បំផ្លាញជម្រក ក៏ដូចជាជីវចម្រុះរបស់វា ។

សូមបញ្ជាក់ផងដែរថា ត្រីគល់រាំង ត្រូវបានចាត់ទុកជាមច្ឆជាតិនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ។ ត្រីគល់រាំងនេះ គឺត្រូវបានហាមឃាត់ការធ្វើនេសាទ ទិញលក់ និងដឹក ជញ្ជូន តាំងពីសម័យសង្គមរាស្រ្តនិយមមកម្ល៉េះ៕