លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា លោក នឹងនឹងដឹកនាំគណៈប្រតិភូកម្ពុជា គោះទ្វាររកវិនិយោគិននៅសហភាពអឺរ៉ុប ពិសេសក្នុងប្រទេសអាល្លឺម៉ង់ និងប្រទេសអេស្ប៉ាញ នាខែមិថុនាខាងមុខនេះ។
លោក ស៊ុន ចាន់ថុល ថ្លែងដូច្នេះ នៅក្នុង នៅក្នុងជំនួបរវាងលោក ជាមួយលោក Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅសហភាពអឺរ៉ុប នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។
លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីការត្រៀមខ្លួនរបស់ភាគីពាក់ព័ន្ធ ក្នុងដំណើរបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបង្ហាញផ្លូវស្តីពីកាលានុវត្តភាព និងសក្តានុពលវិនិយោគនៅកម្ពុជាជូនទៅវិនិយោគិននៃប្រទេសចំនួនពីរ ក្នុងសហភាពអឺរ៉ុបគឺ ប្រទេសអាល្លឺម៉ង់ និងប្រទេសអេស្ប៉ាញ ស្របតាមការឯកភាពរួមគ្នាកាលពីកិច្ចប្រជុំថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ រវាងលោកឧបនាយករដ្ឋមន្ត្រី លោក Peteris Ustubs នាយកសម្រាប់មជ្ឈឹមបូពា៍ អាស៊ី និងបាស៊ីហ្វិក នៃអគ្គនាយកដ្ឋានភាពជាដៃគូរអន្តរជាតិ (DG INTPA) និងលោកឯកអគ្គរដ្ឋទូត។
ឆ្លៀតឱកាសនោះដែរ លោក ស៊ុន ចាន់ថុល ក៏បានបង្ហាញអំពីការត្រៀមខ្លួនរួចរាល់របស់កម្ពុជាក្នុងការធ្វើពិពិធកម្មវិនិយោគ ដោយធ្វើការទាក់ទាញវិនិយោគិនពីគ្រប់បណ្ដាប្រទេស និងបណ្ដាក្រុមហ៊ុនមានសក្ដានុពលនានា ព្រមទាំងការប្រើប្រាស់ «យុទ្ធសាស្ត្រប្រទេសបូក» (Plus-One Strategy)ជាដើម សំដៅបង្កើនភាពចម្រុះនៃក្រុមហ៊ុនវិនិយោគនៅកម្ពុជា ពិសេសលើកកម្ពស់ការវិនិយោគផ្ទាល់ពីបរទេសលើវិស័យឧស្សាហកម្មថ្មីៗ ដូចជាគ្រឿងអេឡិកត្រូនិក យានយន្ត គ្រឿងបង្គុំ និងការកែច្នៃម្ហូបអាហារជាដើម។
ក្នុងឱកាសនេះដែរលោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ក៏បានលើកឡើងអំពីការគាំទ្រដល់បេសកកម្មរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញគោះទ្វារវិនិយោគបង្ហាញនូវសក្ដានុពល និងបច្ចុប្បន្នភាពនានារបស់កម្ពុជាទៅវិនិយោគិននៅសហភាពអឺរ៉ុប ពិសេសក្នុងប្រទេសអាល្លឺម៉ង់ និងប្រទេសអេស្ប៉ាញ ក្នុងខែមិថុនាខាងមុខនេះផងដែរ។
សូមបញ្ជាក់ដែរថា រយៈពេល៤ខែ ឆ្នាំ២០២៤ ពោលគឺចាប់ពីខែមករា ដល់មេសា ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានអនុម័តគម្រោងសរុបបានចំនួន១២៨ គម្រោង ក្នុងទំហំទុនវិនិយោគសរុបមាន១.៩ពាន់លានដុល្លារអាមេរិក ចំនួននេះកើនឡើង ៩៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ដោយឡែក ក្នុងរយៈពេល៨ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងសរុបបានចំនួន២៣២ ដែលមានទំហំទុនវិនិយោគសរុបមានជាង៥ពាន់លានដុល្លារអាមេរិក។យ៉ាងមិញ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែអះអាងថា រាជរដ្ឋាភិបាល នៅតែប្តេជ្ញាបន្តជំរុញ និងគោះទ្វារបណ្តារវិនិយោគបន្ថែម ដើម្បីបង្កើនការបោះទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត៕ អត្ថបទ៖ រង្សី