ក្រុមហ៊ុននាំចេញនាំមុខគេរបស់កម្ពុជាចំនួន ៤ ក្រុមហ៊ុន បានចូលរួមតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ លើកដំបូងបំផុតនៅប្រទេសអារ៉ាប៊ីសាអូឌីត។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានផ្សាយចេញនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៤។
សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្រោមកិច្ចយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជាដែលក្នុងនោះក៏មានអង្ករផងដែរ តាមរយៈថវិកាបដិភាគរបស់សហគ្រិនខ្មែរ (Khmer Enterprise) សហព័ន្ធស្រូវអង្ករកម្ពុជាបានដឹកនាំក្រុមហ៊ុននាំចេញនាំមុខចំនួន ៤ ក្រុមហ៊ុន រួមមាន៖១.ក្រុមហ៊ុន KAMPONG THOM RICE MILL LIMITED ២.ក្រុមហ៊ុន KHMER FOODS GROUP CO.,LTD ៣.PRIMALIS CORPERATION.,LTD និង៤. SINGATURE OF ASIA CO., LTD ដើម្បីចូលរួមការដាក់តាំងបង្ហាញនូវផលិតផលអង្ករ ដែលមានគុណភាពល្អបំផុតរបស់កម្ពុជា និងធ្លាប់បានឈ្នះពានរង្វាន់អង្ករល្អបំផុតពិភពលោក នៅក្នុងការតាំងពិព័រណ៍ The Saudi Food Show នៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីតដែលកម្មវិធីនេះបានប្រព្រឹត្តិឡើងនាថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។
សហព័ន្ធស្រូវអង្ករកម្ពុជាបន្តថា ការចូលរួមព្រឹត្តិការណ៍ The Saudi Food Show នេះ គឺជាការចូលរួមលើកដំបូងរបស់ប្រទេសកម្ពុជា ដែលសហព័ន្ធស្រូវអង្ករកម្ពុជាបានរៀបចំនូវពន្លាជាតិមួយយ៉ាងស្រស់ស្អាតទំហំ ៦០ម៉ែត្រការ៉េ។
បើតាមសហព័ន្ធស្រូវអង្ករ បានបញ្ជាក់ថា ការចូលរួមនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍នៅក្នុងតំបន់មជ្ឈឹមបូព៌ានេះ គឺក្នុងគោលបំណងក្នុងការធ្វើពិពិធកម្មទីផ្សារដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការក្នុងការជំរុញផលិតផលចូលក្នុងទីផ្សារ និងការដាំដុះតម្រូវតាមទីផ្សារ។ ការចូលរួមពិព័ណ៍នេះ គឺទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីភ្ញៀវជាអាជីព ព្រោះជាលើកទី១ ដែលឃើញមានបញ្ជីឈ្មោះប្រទេសកម្ពុជា និងទង់ជ័យកម្ពុជានៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិមួយនេះ ស្ថិតនៅក្នុងចំណោម ក្រុមហ៊ុនចំនួនជាង ១០០០ ក្រុមហ៊ុន ដែលតាំងបង្ហាញផលិតផលម្ហូបអាហារចំនួនជាង ១០០ ០០០ ប្រភេទមកពី៩៧ ប្រទេសនៅលើពិភពលោក។
គួរបញ្ជាក់ដែរថា ប្រទេសអារ៉ាប៊ីសាអូឌីត ជាប្រទេសធំជាងគេនៅក្នុងតំបន់មជ្ឈឹមបូព៌ាកំពុងមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងគួរឱ្យកត់សម្គាល់ដែលជាទីផ្សារមានសក្តានុពលសម្រាប់អង្ករកម្ពុជាទៅក្នុងប្រទេសនេះផ្ទាល់ និងជាទីតាំងចែកចាយបន្តនៅពេលអនាគតសម្រាប់តំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកផងដែរ។ ទីផ្សារនៅក្នុងតំបន់ទាំងពីរនេះមានការកើនឡើងគួរឱ្យកត់សម្គាល់គឺតំបន់មជ្ឈឹមបូព៌ា បានកើនពី ១ ៣៩៨ តោន នៅឆ្នាំ២០១៥ កើនដល់ ៧ ៥២១ តោននៅឆ្នាំ២០២៣ ហើយទីផ្សារក្នុងតំបន់អាហ្វ្រិកកើនពី ៤ ២៨៤ តោន នៅក្នុងឆ្នាំ២០១៥ កើនដល់ ៥២ ៨២៨ តោននៅឆ្នាំ២០២៣។ ការចូលរួមក្នុង ព្រឹត្តិការណ៍ The Saudi Food Show នេះក៏បានជួយឱ្យអង្ករកម្ពុជាកាន់តែមានសក្តានុពលពង្រីកវិសាលភាពទីផ្សារនាំចេញអង្ករបន្ថែមទៀត៕ អត្ថបទ៖ រង្សី