គិតមកដល់ពេលនេះ គម្រោងប្រព័ន្ធស្រោចស្រព និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានី/ខេត្តចំនួន៣ សម្រេចបានវឌ្ឍនភាពការងារបានចំនួន ៩៥%ហើយ ដោយគ្រោងនឹងបញ្ចប់យ៉ាងយូរក្នុងខែកក្កដា ខាងមុខនេះ។នេះបើយោងតាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះនៅបណ្តាញសង្គមហ្វេសហ៊ុក កាលយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។
បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា គម្រោងប្រព័ន្ធស្រោចស្រព និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងនោះមាន៖គម្រោងស្តារព្រែកហូរ សម្រេចបានប្រមាណ ៩៥% និងជាផ្នែកមួយនៃគម្រោងប្រព័ន្ធស្រោចស្រព និងពង្វាងទឹកចេញពីភូមិសាស្ត្រចំនួន៣ គឺ៖ រាជធានីភ្នំពេញ ខេត្តតាកែវ និងខេត្តកណ្តាល ដោយគ្រោងនឹងបញ្ចប់ក្នុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៤ខាងមុខ។
ទន្ទឹមគ្នានេះដែរ សម្តេចធិបតី បើគិតរហូតមកដល់ពេលនេះដែរ វឌ្ឍនភាពការងារសម្រេចលើគម្រោងចំនួន៤ទៀត ក៏សម្រេចបានប្រមាណ៩៥% ផងដែរ ដោយក្នុងមាន៖ ១.ស្តារស្ទឹងព្រែកត្នោតប្រវែង ២៦គីឡូម៉ែត្រ។ ២. ស្តារព្រែកហូរប្រវែង ៣.៥គីឡូម៉ែត្រ ដោយរៀបថ្មនៅបាតប្រឡាយ និងជើងទេរជុំវិញប្រឡាយ។ ៣. ស្តារប្រឡាយព្រែកហូរប្រវែង ៣.៧គីឡូម៉ែត្រ ដោយចាក់បេតុងបាត និងជើងទេរអមសងខាង និងទី៤. រៀបចំស្តារនិងក្រាលថ្មភ្នំប្រឡាយ៩៦ ប្រវែង ៤.៥គីឡូម៉ែត្រ។
បើតាមសម្តេចធិបតី អះអាងថា គម្រោងប្រព័ន្ធស្រោចស្រព និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តតាកែវ និងខេត្តកណ្តាល គឺគ្រោងនឹងបញ្ចប់ក្នុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៤ខាងមុខ ដើម្បីត្រៀមលក្ខណៈសម្រាប់ខែវស្សា ដែលកំពុងចូលមកដល់។
សូមរម្លឹកដែរថា កាលពីពេលកន្លងទៅ ក្រសួងធនធានទឹក ធ្លាប់បានឱ្យដឹងថា គម្រោងប្រព័ន្ធរំដោះទឹកជំនន់ទឹកភ្លៀង សម្រាប់បញ្ចៀសការជន់លិច នៅភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវអនុវត្តជា ៣ជំហាន ក្នុងនោះគម្រោងការងារដែលត្រូវអនុវត្តមាន ទី១ ការងារកែលម្អស្ទឹងតូចប្រវែង ៥១ គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ទី២ ស្ទឹងក្រោមទន្លេបាទីប្រវែង ៧ គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកណ្តាល ទី៣ ប្រឡាយជើងឯក ៣ ខ្សែប្រវែង ២៧,៥ គីឡូម៉ែត្រ ស្ថិតនៅភាគខាងលិច និងខាងត្បូងរាជធានីភ្នំពេញ ទី៤ ប្រឡាយ ៥៩ និង ៩០ ប្រវែង ១៨,៨ គីឡូម៉ែត្រ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ទី៥ ប្រឡាយ ៩៦ និងព្រែកគង់ ប្រវែង ៣៤ គីឡូម៉ែត្រ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ទី៦ ព្រែកពាមសត្ថា ប្រវែង ១៨,៧ គីឡូម៉ែត្រ ស្ថិតក្នុងខណ្ឌព្រែកព្នៅ និងស្រុកពញាឮ រាជធានីភ្នំពេញ និងខេត្តកណ្តាល និងទី៧ ប្រឡាយរលាំងជ្រៃ-ស្លាគូ ប្រវែង ៥៨,៤៥ គីឡូម៉ែត្រ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយនិងទី៨ ប្រឡាយអូរខ្សាច់ ភ្ជាប់ពីរលាំងជ្រៃខាងជើង មកដល់បឹងតាមោក ប្រវែង ២៧,៧ គីឡូម៉ែត្រ ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល៕ អត្ថបទ៖ រង្សី