គម្រោងវិនិយោគ ធុរកិច្ច១៤ ក្នុងខេត្តព្រះសីហនុ ក្រោមទុនប្រមាណ ៧៣៧ លានដុល្លារ ទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល

សង្គម​ និង​សេដ្ឋកិច្ច

លោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យលើការស្នើរបស់វិនិយោគិន និងធុរជនក្នុងខេត្តព្រះសីហនុ ដោយបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការដោះស្រាយវិវាទចំនួន ១៤ គម្រោង កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំខាងលើបានឲ្យដឹងថា គម្រោងទាំងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ៧ និងគម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ៦ ដែលដំណើរការបានភ្លាមក្នុងឆ្នាំ ២០២៤ និងគម្រោងពង្រីកចំនួន ១។ គម្រោងទាំង ១៤ នោះ រួមមាន គម្រោងបង្កើតសួនកសិ-ឧស្សាហកម្មថ្នាក់ជាតិ, គម្រោងសណ្ឋាគារផ្កាយ ៥ និងកាស៊ីណូ, គម្រោងរមណីយដ្ឋាន, អគារស្នាក់នៅរួម, អគារពហុមុខងារសម្រាប់ការិយាល័យ និង ស្នាក់នៅរួម, ដែលមានទំហំទុនវិនិយោគសរុបប្រមាណ ៧៣៣ លានដុល្លារអាមេរិក ។ គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និង បរទេស និងមានទំហំតូច មធ្យម និងធំ។

ការពិនិត្យផ្តល់ការលើកទឹកចិត្តពិសេសខាងលើនេះ ធ្វើឡើងស្របតាមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤ ដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នាថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤។ តាមរយៈនេះ និងជាបន្តបន្ទាប់ គិតចាប់ពីខែកុម្ភៈ មកដល់បច្ចុប្បន្ន, ក្រុមការងារបានសម្រេចជាគោលការណ៍ក្នុងការផ្តល់អត្ថប្រយោជន៍ពិសេស ដល់គម្រោងវិនិយោគ/ធុរកិច្ច ចំនួន ៤១។ ក្នុងពេលខាងមុខដ៏ខ្លីនេះ ក្រុមការងារនឹងធ្វើការពិនិត្យលើការស្នើការលើកទឹកចិត្តពិសេសរបស់គម្រោងវិនិយោគ/ធុរកិច្ចចំនួន ២៣ បន្ថែមទៀត។

សូមបញ្ជាក់ថា ការផ្តល់ការលើកទឹកចិត្តពិសេសមានវិសាលភាពគ្របដណ្តប់ សម្រាប់គម្រោងដែលស្នើសុំ និង អនុវត្តក្នុងខេត្តព្រះសីហនុ ក្នុងឆ្នាំ ២០២៤ ចំពោះគម្រោង ៣ ប្រភេទ រួមមាន ១) គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង, ២) គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ដែលអាចដាក់ដំណើរការបានក្នុងឆ្នាំ ២០២៤ និង ៣) ការពង្រីកគម្រោង/សកម្មភាពធុរកិច្ច ។ លើសពីនេះ, ការលើកទឹកចិត្ត និង ការអនុគ្រោះនានា ក៏ផ្តល់ជូនសហគ្រាសមីក្រូ តូច និង មធ្យម ។ ជាមួយនេះ, សហគ្រាស ឬ គម្រោងដែលមានស្រាប់ ក៏ទទួលបានការអនុគ្រោះ និង សម្រួលនីតិវិធីលើលិខិតអនុញ្ញាត អាជ្ញាបណ្ណ និង ការតភ្ជាប់ទៅហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ ជាអាទិ៍ ទឹក ភ្លើង ផ្លូវ ជាដើម តាមលក្ខណៈភូមិសាស្រ្ត និង លទ្ធភាពរបស់រដ្ឋ និងឬវិស័យឯកជន ។

សូមជម្រាបជូនថា ក្រុមការងារបន្តលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិន ដែលមានបំណងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» អញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕