សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើទៅកាន់ចក្រភពអង់គ្លេស ឱ្យជួយផ្ដល់នូវបច្ចេកវិទ្យាទំនើប ក្នុងការគ្រប់គ្រងធនធានមនុស្សកម្ពុជា ដើម្បីបន្តការអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចំរើនថែមទៀត។
សម្តេចតេជោ ហ៊ុន សែន ស្នើដូច្នេះ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងសម្តេច ជាមួយលោក ដូមីនីក វីលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនេះដែរ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសម្ដែងនូវក្តីរីករាយដែលបានជួប ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេស បន្ទាប់ពីជំនួបដំបូងកាលពីអំឡុងខែកុម្ភៈឆ្នាំ២០២៣។ សម្ដេចតេជោ ក៏បានលើកទឹកចិត្តឱ្យ ឯកអគ្គរាជទូតអង់គ្លេសបន្តធ្វើការជាមួយរាជរដ្ឋាភិបាលថ្មី ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត លើវិស័យពាណិជ្ជកម្ម និងការវិនិយោគនេះ ដើម្បីជំរុញទំហំពាណិជ្ជកម្មឱ្យមានការកើនឡើង។
ទន្ទឹមគ្នានេះ សម្ដេចតេជោបានបន្តថា៖«សូមស្នើឱ្យឯកឧត្តមឯកអគ្គរាជទូតអង់គ្លេស ជួយក្នុងបញ្ហាអធិការកិច្ច ដោយផ្ដល់នូវបច្ចេកវិទ្យាទំនើប ក្នុងការគ្រប់គ្រងធនធានមនុស្ស ក៏ដូចជាបច្ចេកវិទ្យាក្នុងការគ្រប់គ្រងអំពើអសកម្មផ្សេងៗជាដើម»។
ក្នុងជំនួបនោះដែរ ឯកអគ្គរដ្ឋទូតអង់គ្លេស បានបង្ហាញក្តីរីករាយដែលមើលឃើញថាទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការកើនឡើងជាបន្តបន្ទាប់ និងមានការបង្កើតវេទិកាវិនិយោគ ដើម្បីទាក់ទាញការវិនិយោគពីអង់គ្លេសមកកម្ពុជា។ ជាចុងក្រោយ ឯកឧត្តមឯកអគ្គរាជទូតចក្រភពអង់គ្លេស ក៏បានសម្ដែងការអរគុណចំពោះសម្តេចតេជោ ដែលបានអនុញ្ញាតឱ្យមានជំនួបនាពេលនេះ ដែលបង្ហាញពីភាពត្រង់ទៅត្រង់មក ដែលជាការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ដើម្បីឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធ និងបន្តនូវភាពរីកចម្រើនជាបន្តបន្ទាប់ទៀត៕ អត្ថបទ៖ រង្សី