លោក ម៉ានី ប៉ាគីអាវ (Manny Pacquiao) កំពូលកីឡាករប្រដាល់កម្រិតពិភពលោក បានលើកឡើងថា លោកនឹងចូលរួមលើកស្ទួយ និងជំរុញដល់វិស័យគុនខ្មែរ ដែលជាផ្នែកមួយនៃកីឡាប្រដាល់របស់កីឡាកម្ពុជា ខណៈសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចាត់ទុកថា វត្តមានរបស់កីឡាកររូបនេះ នៅកម្ពុជា នឹងចូលរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡា និងទេសចរណ៍នៅកម្ពុជាផងដែរ។

ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងសម្តេច ធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយយលោក ម៉ានី ប៉ាគីអាវ (Manny Pacquiao) កំពូលកីឡាករប្រដាល់កម្រិតពិភពលោក និងជាអតីតសមាជិកព្រឹទ្ធសភា នៃសាធារណរដ្ឋហ្វីលីពីន នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។
ក្នុងឱកាសនៃជំនួប លោក ម៉ានី ផាគីអាវ បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានអនុញ្ញាត្តិឱ្យរូបលោក និងគណៈប្រតិភូ ចូលជួប និងព្រមទាំងបានសម្តែងនូវក្តីរីករាយដែលលោកបានចូលរួមជាមួយកម្ពុជា ក្នុងការចែករំលែកនូវបទពិសោធន៍របស់លោកពាក់ព័ន្ធនឹងវិស័យកីឡាប្រដាល់។ លោក ប៉ាគីអាវ បាន ថា កីឡាប្រដាល់គឺប្រភេទកីឡាមួយ ដែលមានលក្ខណៈពិសេស និងលំបាក ដែលទាមទារនូវការហ្វឹកហាត់ខ្លាំងក្លា វិន័យខ្ពស់ ជាមួយនឹងការយល់ដឹងអំពីគោលការណ៍ច្បាស់លាស់ ដើម្បីអាចកសាងបាននូវអាជីពជាកីឡាករប្រដាល់ ដែលមានកេរ្តិ៍ឈ្មោះល្បី។
កីឡាករលំដាប់ពិភពលោករូបនេះ ក៏បញ្ជាក់ដូច្នេះថា៖«លោកនឹងចូលរួមលើកស្ទួយ និងជំរុញដល់វិស័យគុនខ្មែរ ដែលជាផ្នែកមួយនៃកីឡាប្រដាល់ ហើយលោកក៏នឹងជួបពិភាក្សាជាមួយកីឡាករល្បីៗនៃព្រះរាជាណាចក្រកម្ពុជា អំពីស្មារតីនៃកីឡាប្រដាល់ ក៏ដូចជាចែករំលែកពីបទពិសោធន៍ដ៏ច្រើន ដែលលោកបានឆ្លងកាត់ក្នុងជីវិតជាអ្នកប្រដាល់អាជីពលំដាប់ពិភពលោក ជាមួយនឹងការប្រកួតជាច្រើនកម្រិត និងច្រើនប្រភេទទម្ងន់ផ្សេងៗ»។
ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ចំពោះលោក ម៉ានី ប៉ាគីអាវ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាលើកទី២ បន្ទាប់ពីដំណើរទស្សនកិច្ចលើកទីមួយនៅឆ្នាំ២០១៦។ សម្ដេចធិបតី ក៏បានរំលេចថា វត្តមានរបស់លោក ម៉ានី ប៉ាគីអាវ ក្នុងនាមជាកីឡាករប្រដាល់ដ៏ល្បីល្បាញ ដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូបបានស្គាល់ នឹងចូលរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡា វិស័យទេសចរណ៍ និងលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-ហ្វីលីពីន តាមរយៈការតភ្ជាប់រវាងប្រជាជន និងប្រជាជន។
ក្រៅពីនេះ សម្តេចធិបតី បានជូនពរលោក ម៉ានី ប៉ាគីអាវ និងគណៈប្រតិភូ ឱ្យស្នាក់នៅកម្ពុជាប្រកបដោយភាពសប្បាយរីករាយ និងទទួលបាននូវជោគជ័យក្នុងដំណើរបំពេញបេសកកម្មនេះថែមទៀត៕ អត្ថបទ៖ រង្សី