គណៈប្រតិភូសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក បានឱ្យដឹងថា នាដ៏ខ្លីខាងមុខនេះ សភាពាណិជ្ជកម្មនេះ នឹងរៀបចំឱ្យមានសិក្សាសិក្ខាសាលាអំពីកាលានុវត្តភាពវិនិយោគកម្ពុជា ដោយរំពឹងថា នឹងមានការអញ្ជើញចូលរួមពីសមាជិករបស់ខ្លួន ប្រមាណជាង៥០០នាក់ ដែលសុទ្ធតែជាអ្នកវិនិយោគ។

ការលើកឡើងនេះ ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារពីសំណាក់គណៈប្រតិភូសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ដើម្បីស្វែងយល់អំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលកាលពីរសៀល ថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤។

នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានស្វាគមន៍គណៈប្រតិភូទាំងអស់ ដែលមានបំណងស្វែងយល់អំពីបច្ចុប្បន្នភាព និងសក្ដានុពលវិនិយោគរបស់កម្ពុជា ខណៈលោកក៏ជម្រាបជូនគណៈប្រតិភូអំពីបរិយាកាសវិនិយោគនៅកម្ពុជា ពិសេសច្បាប់វិនិយោគដែលបង្កភាពងាយស្រួលដល់វិនិយោគិន រួមមាន៖ ការផ្ដល់ការលើកទឹកចិត្តក្នុងគម្រោង និងភាពបើកចំហររបស់កម្ពុជាក្នុងការទទួលរាល់វិនិយោគិនពីគ្រប់បណ្ដាប្រទេស។ បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្កភាពងាយស្រួល និងប្រទាក់ក្រឡាជូនដល់វិនិយោគិន តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសផងដែរ។
ជាមួយគ្នានេះ តំណាងសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក បានថ្លែងអំណរគុណលោក ឧបនាយករដ្ឋមន្ត្រី ពីព័ត៌មាននានានៃកាលានុវត្តភាពវិនិយោគនៅកម្ពុជា ពិសេសលើវិស័យសំណង់ កសិកម្ម ថាមពលបៃតង សុខាភិបាល និងវិស័យមួយចំនួនទៀត។
សភាពាណិជ្ជកម្មខាងលើ ក៏បានគោរពស្នើសុំអញ្ជើញ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បំពេញទស្សនកិច្ចចុះពិនិត្យរោងចក្ររបស់ខ្លួនលើវិស័យសុខាភិបាលដោយផ្ទាល់នៅឱកាសណាមួយផងដែរ។ បន្ថែមពីនេះ សភាពាណិជ្ជកម្មក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការរៀបចំឱ្យមានសិក្ខាសាលាអំពីកាលានុវត្តភាពវិនិយោគកម្ពុជា នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលសភាពាណិជ្ជកម្មត្រកូលលីនពិភពលោករំពឹងនឹងមានវិនិយោគិនជាសមាជិករបស់ខ្លួនប្រមាណ ៥០០នាក់ចូលរួមផងដែរ។
គួរបញ្ជាក់ដែរថា បើយោងតាមជំនួបពិភាក្សាការងាររវាងលោក Tan Sri Dato Lim Soon Peng ប្រធានសភាពាណិជ្ជកម្ម ត្រកូលលីនពិភពលោក ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត កាលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។សភាពាណិជ្ជកម្មត្រកូលលីនពិភពលោក នឹងសហការជាមួយសមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា រៀបចំសិក្ខាសាលាអំពីកាលានុវត្តភាពវិនិយោគកម្ពុជានៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ នៅកម្ពុជា ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនង ក៏ដូចជាស្វែងរកនូវកាលានុវត្តភាព និងសក្ដានុពលក្នុងការវិនិយោគនៅកម្ពុជា៕ អត្ថបទ៖ រង្សី
