រាជធានីភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំពិព័រណ៍កសិកម្ម «ភូមិកសិផលខ្មែរ» និងវេទិកាពិភាក្សា «រសជាតិកសិផល» ដើម្បីជំរុញការគាំទ្រកសិផលខ្មែរ ដែលប្រារព្ធនៅផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល ដែលជាផ្សារទំនើប បង្កើតឡើងដោយកូនខ្មែរ ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី១-២ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

ពិព័រណ៍និងវេទិកាពិភាក្សានេះ ធ្វើឡើងដើម្បីបំផុសស្មារតីជាតិ ជួយដល់កសិករខ្មែរ និងជំរុញការគាំទ្រកសិផលខ្មែរឱ្យ បានកាន់តែខ្លាំងក្លាឡើងថែមទៀត ជាពិសេសសម្រាប់អ្នកទទួលទាន និងអ្នកប្រើប្រាស់។ ពិព័រណ៍និងវេទិកាពិភាក្សារយៈពេល២ថ្ងៃនេះ ក៏នឹងផ្ដល់ឱកាសភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិតនិងអ្នកទទួលទិញ ក៏ដូចជាជំរុញការពិភាក្សាអំពីតម្រូវការក្នុងការផ្សព្វផ្សាយការប្រើប្រាស់ផលិតផលកសិកម្មក្នុងស្រុក។ អ្នកទស្សនាការតាំងពិព័រណ៍នឹងឃើញការបង្ហាញផលិតផលកសិកម្ម រួមទាំងផ្លែឈើ និងបន្លែស្រស់ៗ រួមជាមួយនឹងទំនិញកសិកម្មកែច្នៃជាច្រើនប្រភេទ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា “ពិព័រណ៍ និងវេទិកានេះ មានគោលបំណងបំផុសគំនិតជាតិនិយម ជួយកសិករខ្មែរ និងពង្រឹងការគាំទ្រដល់វិស័យកសិកម្មកម្ពុជា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកប្រើប្រាស់”។ ការចូលរួមរបស់សាធារណៈជននឹងលើកទឹកចិត្តកសិករខ្មែរ និងជួយប្រទេសជាតិកាត់បន្ថយការពឹងផ្អែកលើការនាំចូលកសិផល។

សូមអញ្ជើញចូលរួមទស្សនាដោយសេរី នៅផ្សារទំនើប ជីប ម៉ុង មេហ្គា ២៧១ ម៉ល ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ជាមួយនិងការប្រគុំតន្ត្រីរបស់តារាចម្រៀងល្បីៗ ដូចជា អ្នកនាង មាស សុខសោភា និងព្រះនាង នរោត្តម ជេនណា ផងដែរ។ ការចូលរួមរបស់លោកអ្នកនាង គឺជាការចូលរួមលើកទឹកចិត្តកសិករខ្មែរ គាំទ្រកសិផលក្នុងស្រុក កាត់បន្ថយការនាំចូល និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ។

គួរបញ្ជាក់ផងដែរថា ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល មានម្ចាស់ជាកូនខ្មែរ សុទ្ធ១០០% បានក្តោបក្តាប់វិស័យលក់រាយ ដោយបានវិនិយោគទឹកប្រាក់ប្រមាណជាជាង 300 លានដុល្លារ សាងសង់ ផ្សារទំនើបខ្នាតអន្តរជាតិ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដោយដំណើរការបានមួយឆ្នាំ គិតមកដល់បច្ចុប្បន្ននេះ មានហាងល្បីៗទាំងជាតិ និងអន្តរជាតិ ជាង១០០ហាង ដែលកំពុងមានវត្តមានក្នុងផ្សារទំនើបខ្នាតអន្តរជាតិ ដែលមានម្ចាស់ជាកូនខ្មែរនេះ៕



