លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១កម្ពុជា នាថ្ងៃទី១ ខែមិថុនានេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើក”ពិព័រណ៍ភូមិកសិផលខ្មែរ និងវេទិកាពិភាក្សារសជាតិកសិផលខ្មែរ” ដែលរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ទី២ ខែមិថុនា ឆ្នាំ២០២៤។

កម្មវិធីពិព័រណ៌កសិកម្មនេះ ធ្វើឡើងនៅផ្សារទំនើប ជីបម៉ុង២៧១ មេហ្គា ម៉ល រាជធានីភ្នំពេញ ដែលជាផ្សារទំនើប បង្កើតឡើងដោយកូនខ្មែរ ១០០% លំដាប់ខ្នាតអន្តរជាតិ។
មានប្រសាសន៍ក្នុងពិធីនោះ លោកជំទាវបណ្ឌិត បានលើកទឹកចិត្តឱ្យមានការរៀបចំកម្មវិធីពិព័រណ៍បែបនេះជារៀងរាល់ឆ្នាំ ដើម្បីបន្តពូនជ្រុំស្មារតីជាតិនិយម កៀរគរការគាំទ្រដល់កសិផលខ្មែរ ប្រកបដោយមោទនភាពជាតិ ។

ជាមួយនេះ លោកជំទាវបណ្ឌិត ក៏បានជំរុញទឹកចិត្តប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមចលនា ខ្មែរជួយខ្មែរ និងខ្មែរគាំទ្រកសិផលខ្មែរ ព្រមទាំងបានអំពាវនាវ និងលើកទឹកចិត្តដល់ក្រុមហ៊ុនផ្តល់សេវាកម្មអាហារ សមាគម និងភោជនីយដ្ឋាននានា ឱ្យចូលរួមកាន់តែច្រើនកុះករ ដោយចាប់ដៃគូសហការផ្ទាល់ជាមួយក្រុមហ៊ុនផ្គត់ផ្គង់កសិផលខ្មែរ និងសហគមន៍កសិកម្មនានា។

សូមបញ្ជាក់ថា ពិព័រណ៍និងវេទិកាពិភាក្សានេះ ធ្វើឡើងដើម្បីបំផុសស្មារតីជាតិ ជួយដល់កសិករខ្មែរ និងជំរុញការគាំទ្រកសិផលខ្មែរឱ្យ បានកាន់តែខ្លាំងក្លាឡើងថែមទៀត ជាពិសេសសម្រាប់អ្នកទទួលទាន និងអ្នកប្រើប្រាស់។ ពិព័រណ៍និងវេទិកាពិភាក្សារយៈពេល២ថ្ងៃនេះ ក៏នឹងផ្ដល់ឱកាសភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិតនិងអ្នកទទួលទិញផងដែរ ជាពិសេសគឺការដាក់បង្ហាញនៅទីតាំងងាយស្រួលគឺផ្សារទំនើប ២៧១ មេហ្គា ម៉ល ផ្ទាល់តែម្តង។

ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល មានម្ចាស់ជាកូនខ្មែរ សុទ្ធ១០០% បានក្តោបក្តាប់វិស័យលក់រាយ ដោយបានវិនិយោគទឹកប្រាក់ប្រមាណជាជាង 300 លានដុល្លារ សាងសង់ ផ្សារទំនើបខ្នាតអន្តរជាតិ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដោយដំណើរការបានមួយឆ្នាំ គិតមកដល់បច្ចុប្បន្ននេះ មានហាងល្បីៗទាំងជាតិ និងអន្តរជាតិ ជាង១០០ហាង ដែលកំពុងមានវត្តមានក្នុងផ្សារទំនើបខ្នាតអន្តរជាតិ ដែលមានម្ចាស់ជាកូនខ្មែរនេះ៕

















