ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា «ការសម្រេចថ្វាយ ព្រះគោរមងារ“ ព្រះមហាវីរសង្ឃសិរីធម្មរាជ” បានឆ្លុះបញ្ចាំងឱ្យឃើញពីការទទួលស្គាល់ ប្រកបដោយក្តីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ចំពោះព្រះគុណូបការៈដ៏ធំធេងរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដែលបានបូជាថ្វាយចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសមេ្តចបានខិតខំអស់ពីព្រះកាយពល ព្រះបញ្ញាញាណ ប្រកបដោយព្រះស្មារតីចាស់ក្លា និងវីរិយភាពខ្ជាប់ខ្ជួន ក្នុងការដឹកនាំព្រះសង្ឃ, ការទ្រទ្រង់ពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនានៅកម្ពុជា ឱ្យបានឧត្តុង្គឧត្តមឡើងវិញ អស់មួយព្រះជន្មព្រះអង្គ ដើម្បីសេចក្តីចម្រើន, ដើម្បីជាប្រយោជន៍, ដើម្បីសេចក្តីសុខ, ដើម្បីសុខសន្តិភាព និងសុភមង្គលរបស់មនុស្សជាតិ»។
ការថ្លែងបែបនេះ របស់ឯកឧត្តម វង្សី វិស្សុត ធ្វើឡើងក្នុងព្រះរាជពិធីថ្វាយគោរមងារកិត្តិយស «មហាវីរសង្ឃសិរីធម្មរាជ» ចំពោះព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានពីអង្គការសន្និសីទពុទ្ធសាសនាពិភពលោក តំណាងអ្នកកាន់ព្រះពុទ្ធសាសនាពិភពលោក ៥១ ប្រទេស កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នៅវត្ដឧណ្ណាលោម។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា ព្រះគោរមងារកិត្តិយស “ព្រះមហាវីរសង្ឃសិរីធម្មរាជ ដែលមានករុណាដ៏ជ្រាលជ្រៅបំផុត និងជាគូ្រនៃមាគ៌ាដ៏បរិសុទ្ធរបស់ពុទ្ធសាសនា”។ លើសពីនេះទៅទៀត ការសម្រេចថ្វាយព្រះគោរម្យងារនេះ ក៏ជាការទទួលស្គាល់នូវព្រះតួនាទីរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដែលសម្តេចជាព្រះសមាជិកស្ថាបនិក និងជាព្រះអនុប្រធាននៃជំនួបកំពូលពុទ្ធសាសនា ហើយសម្តេចបានយាងចូលរួមជំនួបកំពូលព្រះពុទ្ធសាសនាលើកដំបូងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលឆ្នាំ១៩៩៨។
ឯកឧត្តម បានបន្ថែមថា ការថ្វាយព្រះគោរមងារកិត្តិយសនេះ មិនគ្រាន់តែជាការថ្វាយព្រះកិត្តិយសចំពោះសម្តេចជាអម្ចាស់និងជាមោទនភាពសម្រាប់ព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរួមវិភាគទានមួយថ្មីទៀតដល់ការពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន និយាយជារួម និង និយាយដោយឡែក គឺការពង្រឹងទំនាក់ទំនងរវាងគណៈសង្ឃព្រះពុទ្ធសាសនានៅកម្ពុជា និងអង្គការជំនួបកំពូលពុទ្ធសាសនាផងដែរ។
ទន្ទឹមនឹងនោះ ឯកឧត្តម វង្សី វិស្សុត មានជំនឿយ៉ាងមុតមាំថា ការពង្រឹងទំនាក់ទំនងនេះ ពិតជានឹងបន្តចូលរួមចំណែកដល់ការពង្រឹងសាមគ្គីភាពក្នុងចំណោមពុទ្ធសាសនិក ទូទាំង ៥ ទ្វីប ក៏ដូចជា ដើម្បីពង្រីកការផ្សព្វផ្សាយពុទ្ធោវាទរបស់ព្រះសម្មាសម្ពុទ្ធ ដើម្បីសន្តិភាព និងភាពសុខសាន្តរបស់មនុស្សជាតិនៅលើភពផែនដីនេះ៕