សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងា ទន្លេសិប្បនិមិត្ត ដែលមានទីតាំងក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ បានក្លាយជាប្រភពទឹកដ៏សំខាន់សម្រាប់ពលរដ្ឋរហូតជាង ៥ម៉ឺនគ្រួសារ ខណៈទន្លេនេះ អាចផ្ទុកទឹកបាន ៣លានម៉ែត្រគូបឯណោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះនៅលើបណ្តាញតេឡេក្រាម កាលថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២៤ ថា ទន្លេសិប្បនិមិត្តនេះ គឺស្ថិតក្នុងតំបន់បុរីទីប្រជុំជននៃខេត្តត្បូងឃ្មុំ មានផ្ទៃក្រឡា ៤៥.៤ ហិកតា ប្រវែង ១៨០០ម៉ែត្រ និងទទឹងជាមធ្យម ៤០០ម៉ែត្រ។
សម្តេចធិបតី បន្តថា ទន្លេនេះ គឺអាចផ្ទុកទឹកបានចំនួន ៣លានម៉ែត្រគូប។សព្វថ្ងៃ ទន្លេនេះ ក៏បានក្លាយជាប្រភពទឹក ដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋជាង ៥០ ០០០នាក់ និងរោងចក្រទឹកស្អាត ១កន្លែង ស្ថិតក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
លើសពីនេះ សម្តេចធិបតី ក៏បានបញ្ជាក់ដែរថា ប្រភពទឹកទន្លេមួយនេះ ក៏មាន “អាងសោភ័ណ” ប្រវែង ១០០០ម៉ែត្រ និងទទឹង ៤០០ម៉ែត្រ សម្រាប់ជួយរំដោះទឹកចេញពីទន្លេសិប្បនិមិត្តក្នុងរដូវវស្សា ជាពេលដែលទឹកពេញទន្លេផងដែរ។
គួរបញ្ជាក់ដែថា ទន្លេសិប្បនិមិត្តនៅខេត្តត្បូងឃ្មុំ ដែលមានទំហំរហូតជាង៤៥ ហិកតានេះ គឺមានឈ្មោះដើមថា “អាងតាវ៉ាន់” ជាកន្លែងមានប្រភពទឹកចេញធម្មជាតិ។ទន្លេនេះ ត្រូវបានកាយពង្រីកសាងសង់ឱ្យកាន់តែធំជាងមុន កាលពីឆ្នាំ២០១៤ ហើយបានបញ្ចប់ការសាងសង់ទាំងស្រុងនៅឆ្នាំ២០១៦ កន្លងទៅនេះ៕ អត្ថបទ៖ រង្សី