វិនិយោគិន និងធុរជនចិនជាង ១០០ រូប ចូលរួមសិក្ខាសាលាស្តីពីវិស័យយានយន្តអគ្គិសនីនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

វិនិយោគិន និងធុរជនចិនប្រមាណជាង ១០០ រូប ដែលអញ្ជើញមកពីក្រុមហ៊ុនចិនធំៗដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ព្រមទាំងសហគ្រាសក្នុងវិស័យពាក់ព័ន្ធសំខាន់ៗជាង ៤០ សហគ្រាស បានចូលរួមសិក្ខាសាលាស្តីពីវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីសិក្ខាសាលានេះ រៀបចំដោយសមាគមមិត្តភាពកម្ពុជា-ចិន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន កាលពីថ្ងៃទីចុងសប្តាហ៍ ក្រោមវត្តមានក្រោមវត្តមាន លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន។កម្មវិធីសិក្ខាសាលានេះ ក៏មានការចូលរួមពីតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ស្ថានទូតចិនប្រចាំកម្ពុជា ព្រមទាំងសភាពាណិជ្ជកម្មចិនប្រចាំកម្ពុជាផងដែរ។

នាឱកាសនោះ លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើបទបង្ហាញស្តីពី “គោលនយោបាយលើកទឹកចិត្តដល់ការវិនិយោគបង្កើតរោងចក្រផ្គុំតម្លើងរថយន្ត និងការអភិវឌ្ឍវិស័យយានយន្តនៅកម្ពុជា”ជូនវិនិយោគិន និងធុរជនចិនប្រមាណជាង ១០០ រូប ដែលអញ្ជើញមកពីក្រុមហ៊ុនចិនធំៗដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ព្រមទាំងសហគ្រាសក្នុងវិស័យពាក់ព័ន្ធសំខាន់ៗប្រមាណជាង ៤០ សហគ្រាស។

ដោយក្នុងនោះ លោក នុត អ៊ុនវ័ណរ៉ា បានសង្កត់ធ្ងន់ អំពីតួនាទីរបស់ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការជំរុញទាក់ទាញការវិនិយោគ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានវិនិយោគ ការផ្តល់នូវកិច្ចសម្រួលវិនិយោគ និងការកំណត់នូវរបបនៃការលើកទឹកចិត្តដែលមានលក្ខណៈអំណោយផល និងអនុគ្រោះបំផុតសម្រាប់ការវិនិយោគក្នុងវិស័យយានយន្ត ព្រមទាំងវិស័យប្រកបដោយសក្តានុពលសំខាន់ៗផ្សេងទៀត តាមរយៈការប្រកាសឱ្យប្រើច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ដែថា បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យវែងឆ្ងាយប្រកបដោយភាពច្បាស់លាស់ ដើម្បីជំរុញវិស័យយានយន្ត តាមរយៈការអនុម័តនូវផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២២ ដោយបានកំណត់នូវគន្លងអភិវឌ្ឍន៍យ៉ាងច្បាស់លាស់ សម្រាប់ការអភិវឌ្ឍន៍ និងការទាក់ទាញការវិនិយោគលើវិស័យនេះ៕ អត្ថបទ៖ រង្សី