អត្រាអតិផរណានៅកម្ពុជាឆ្នាំ២០២៤ ប៉ាន់ស្មានថានឹងកើនដល់ ២.៧% ស្របពេលថ្លៃទំនិញអន្តរជាតិនៅបន្តរក្សាបានស្ថិរភាព

សង្គម​ និង​សេដ្ឋកិច្ច


អត្រាអតិផរណានៅកម្ពុជា ត្រូវបានប៉ាន់ស្មានថាស្ថិតក្នុងរង្វង់ ២.៧% សម្រាប់ឆ្នាំ ២០២៤នេះ ដោយសារការបន្តងើបវិញនៃសកម្មភាពចាយវាយ និងប្រើប្រាស់ក្នុងស្រុក។នេះបើតានផែនការយុទ្ធសាស្រ្តថវិកា២០២៥-២០២៧ និងច្បាប់ស្តីពីហិរញ្ញវត្ថុឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមរបាយការណ៍ខាងលើ បានឲ្យដឹងថា អត្រាអតិផរណានៅកម្ពុជា ត្រូវបានប៉ាន់ស្មានថាស្ថិតក្នុងរង្វង់ ២.៧% សម្រាប់ឆ្នាំ ២០២៤ ដោយសារការបន្ត ងើបវិញនៃសកម្មភាពចាយវាយ និងប្រើប្រាស់ក្នុងស្រុក ស្របពេលដែលថ្លៃទំនិញអន្តរជាតិនៅបន្តរក្សាបានស្ថិរភាព។

ទន្ទឹមនេះ ក្នុងឆ្នាំ ២០២៤ អត្រាប្តូរប្រាក់ផ្លូវការ ត្រូវបានរំពឹងថានឹងធ្លាក់មកត្រឹមប្រមាណ ៤ ០៨៣ រៀល ក្នុងមួយដុល្លារអាម៉េរិក ដោយសារការរំពឹងទុកពីការបន្ធូរបន្ថយនូវការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ គួបផ្សំនឹងវិធានការអន្តរាគមន៍របស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាស្ថិរភាពប្រាក់រៀល។

របាយការណ៍ដដែលបានបន្តថា ក្នុងរយៈពេលមធ្យមខាងមុខ (ឆ្នាំ ២០២៥-២០២៧) អត្រាអតិផរណា ត្រូវបានព្យាករថានឹងស្ថិតក្នុងរង្វង់ ២,៥% ដោយសារការរក្សាបាននូវចលនការសេដ្ឋកិច្ចក្នុងស្រុក និងប្រក្រតីភាពនៃស្ថានភាព និងថ្លៃទំនិញអន្តរជាតិ។

ចំណែកឯអត្រាប្តូរប្រាក់ផ្លូវការ ត្រូវបានរំពឹងថានឹងរក្សាបានក្នុងរង្វង់ជាមធ្យម ៤ ០៦០ រៀល ក្នុងមួយដុល្លារអាម៉េរិក។ចំពោះ ឱនភាពគណនីចរន្ត (រួមបញ្ចូលបង្វែរ) រំពឹងថានឹងត្រលប់ទៅរកនិន្នាការធម្មតាវិញ ពោលគឺមានឱនភាពក្នុងរង្វង់ ១,៥% នៃ ផ.ស.ស. ដោយសារការរំពឹងទុកនូវការងើបវិញនៃការនាំចូលជារួម។ ការនាំចេញ ក៏រំពឹងថានឹងបន្តងើប និងរក្សាបាននូវចលនការ ដែលនឹងបន្តជំរុញដោយការនាំចេញផលិតផលកម្មន្តសាលមិនមែនកាត់ដេរ និងការងើបវិញនៃការនាំចេញផលិតផលកាត់ដេរ។

សម្រាប់រយៈពេលមធ្យមខាងមុខ (២០២៥-២០២៧) ឱនភាពគណនីចរន្ត ត្រូវបានព្យាករថានឹងស្ថិតក្នុងរង្វង់ជាមធ្យមប្រមាណ ៣.៧% នៃផ.ស.ស. ដោយសារការរំពឹងទុក ពីការរក្សាបាននូវសមតុល្យពាណិជ្ជកម្ម ស្របពេលដែលចំណូលពីវិស័យទេសចរណ៍ក៏នៅបន្តមាននិន្នាការល្អ។

សូមបញ្ជាក់ផងដែរថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤ រំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦% ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៤២ ៩៥៧ ប៊ីលានរៀល សមមូលនឹងប្រមាណ ៣៥ ១៦៨ លានដុល្លារ ស្របពេលដែល ផ.ស.ស សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ២ ០៧១ដុល្លារ ខណៈឆ្នាំ២០២៣ មានត្រឹម១ ៩១៧ ដុល្លារប៉ុណ្ណោះ៕