សម្ដេចតេជោ ស្នើទៅអាមេរិក កុំឱ្យយកកម្ពុជាធ្វើជាកន្លែងប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងគ្នានិងគ្នា

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានសំណូមពរ សហរដ្ឋអាមេរិក កុំដាក់ប្រទេសកម្ពុជានៅក្នុងយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយរបស់ខ្លួន ហើយកុំយកប្រទេសកម្ពុជាធ្វើជាទីកន្លែងដើម្បីប្រកួតប្រជែងកណ្ដាលភូមិសាស្ត្រនយោបាយរវាងគ្នានិងគ្នាផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ លើកឡើងដូច្នេះ ក្នុងជំនួបពិភាក្សាការងារ រវាងសម្តេច ជាមួយ លោក ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។

នាឱកាសនោះ លោក អូស្ទីន បានបញ្ជាក់ថា យើងនឹងធ្វើការជាមួយគ្នា ជាមួយសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរបានប្រសើរឡើងវិញ ខណៈលោកបានគិតថានេះជាឱកាសដែលប្រទេសទាំងពីរអាចធ្វើការកែប្រែដើម្បីសម្រួលឥរិយាបថ ធ្វើអោយប្រសើរឡើងនូវទំនាក់ទំនងរបស់យើង បើទៅះបីជាយើងមានបញ្ហាខ្លះៗនៅប្រឈមនៅឡើយ តែយើងអាចអង្គុយជាមួយគ្នា ធ្វើការជាមួយគ្នាដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។

ជាការឆ្លើយតប សម្ដេចតេជោប្រធានព្រឹទ្ធសភា បានឯកភាពចំពោះគោលបំណងរបស់ លោករដ្ឋមន្ត្រីការពារជាតិអាមេរិក ក្នុងការខិតខំពង្រីកនូវទំនាក់ទំនងល្អឱ្យប្រសើរឡើងវិញ ដោយកន្លងមកសម្ដេចតេជោបានចាត់ទុកថា ទំនាក់ទំនងយើងមិនអាក្រក់ពេកនោះទេ។ សម្តេច បានចាត់ទុកថាកន្លងមក ភាគីយើងទាំងពីរខ្វះការជឿទុកចិត្តគ្នាទៅវិញទៅមក ដូច្នេះត្រូវរកវិធីខិតខំកសាងជំនឿទុកចិត្តគ្នាអោយបានច្រើន។ ការខ្វះខាតមួយទៀតគឺការខ្វះខាតព័ត៌មាននិងការវាយតម្លៃខុស ដែលធ្វើឱ្យភាគីទាំងពីរមានការយល់ច្រឡំគ្នា ដោយសារមិនបានប្ដូរព័ត៌មានគ្នា មិនបានធ្វើការពិភាក្សាគ្នា។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានសំណូមពរ សហរដ្ឋអាមេរិក កុំដាក់ប្រទេសកម្ពុជានៅក្នុងយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយរបស់ខ្លួន ហើយកុំយកប្រទេសកម្ពុជាធ្វើជាទីកន្លែងដើម្បីប្រកួតប្រជែងកណ្ដាលភូមិសាស្ត្រនយោបាយរវាងគ្នានិងគ្នា ខណៈសម្តេច អះអាងថា កម្ពុជាបានអនុវត្តនយោបាយការបរទេសរបស់ខ្លួនផ្អែកលើច្បាប់។

គួរបញ្ជាក់ដែរថា តាមរយៈជំនួបនេះ សម្ដេចតេជោ និងលោក អូស្ទីន បានឯកភាពគ្នាលើការបន្តឱ្យមានការសន្ទនាគ្នាដើម្បីស្វែងរកផ្លូវថ្មីមួយក្នុងទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកដើម្បីអនាគត ខណៈលោករដ្ឋមន្ត្រីការពារជាតិអាមេរិក ក៏បានកោតសរសើរចំពោះសម្ដេចធិបតី នាយករដ្ឋមន្ត្រី ដែលបានបង្ហាញជំហរយ៉ាងរឹងមាំក្នុងវិស័យការពារជាតិដើម្បីរៀបចំនូវទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ៕ អត្ថបទ៖ រង្សី