សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិតបីភាពដ៏ខ្ពង់ខ្ពស់ និងបានដឹកនាំរដ្ឋមន្រ្តីចំនួន១២ ក្រសួង បើកកិច្ចពិភាក្សាជាមួយប្រព័ន្ធអង្គការសហប្រជាជាតិ ដើម្បីពិនិត្យរួមគ្នាក្នុងការកំណត់បញ្ហាប្រឈមរបស់កម្ពុជាប្រចាំឆ្នាំ២០២៤ សំដៅជំរុញការអភិវឌ្ឍន៍ប្រទេសកម្ពុជា។
ជំនួបពិភាក្សាប្រចាំឆ្នាំ២០២៤ ដែលបានធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ជាមួយប្រព័ន្ធអង្គការសហប្រជាជាតិនាពេលនេះ បានធ្វើឡើងកាលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី។
ជំនួបពិភាក្សានេះដែរ ក៏មានវត្តមាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី ២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរដ្ឋមន្ត្រីមកពីក្រសួង ចំនួន ១២ រួមមាន៖ ទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងផែនការ, ក្រសួងពាណិជ្ជកម្ម, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងទេសចរណ៍, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ចំណែកឯខាងភាគីប្រព័ន្ធអង្គការសហប្រជាជាតិវិញ មាន ១៧ ស្ថាប័ន ដឹកនាំដោយ ឯកឧត្តម ចូ សួរអ័រ ប្រធានសម្របសម្រួលនៃប្រព័ន្ធអង្គការសហប្រជាជាតិ។
គួរបញ្ជាក់ដែរថា គោលដៅចម្បងនៃជំនួបពិភាក្សាប្រចាំឆ្នាំ២០២៤ រវាងភាគីកម្ពុជា និងអង្គការសហប្រជាជាតិ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យរួមគ្នាក្នុងការកំណត់បញ្ហាប្រឈមដែលអាចកើតឡើងជាយថាហេតុពីការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងអនុវត្តវិធានការគាំទ្រចាំបាច់ដើម្បីធានាការចាកចេញប្រកបដោយរលូន និងចីរភាព ក្រោមមូលបទ “ពង្រីកសមត្ថភាពផលិតសំដៅឈានទៅការចាកចេញប្រកបដោយចីរភាពរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច” ដោយផ្តោតប្រធានបទចំនួន២ សំខាន់ រួមមាន៖១.ជំរុញការអភិវឌ្ឍធនធានមនុស្សតាមរយៈការអប់រំ និង២.ពន្លឿនការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារសម្រាប់ប្រជាជន៕ អត្ថបទ៖ រង្សី