(រាជធានីភ្នំពេញ)៖នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី (PF) ពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួនជាមួយសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) នៅក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលបានធ្វើឡើងនៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង(ការិយាល័យកណ្ដាល)។

អនុស្សរណៈយោគយល់គ្នានេះ បានបង្ហាញពីការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព តាមរយៈការដាក់ឱ្យប្រើប្រាស់នូវកម្មវិធីផ្ដល់កម្ចីឥណទានលើការបង់ថ្លៃសិក្សា ដែលនឹងត្រួសត្រាយផ្លូវ ដើម្បីជួយបំពេញតម្រូវការហិរញ្ញវត្ថុរបស់អាណាព្យាបាលសិស្សានុសិស្ស នៅកម្ពុជា។

លោក ឃុន ដាវុធ អគ្គនាយកផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការស្តីទី (COO) នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី បានសម្តែងនូវការសាទរចំពោះភាពជាដៃគូនេះ ដោយលោកបានលើកឡើងថា៖ “អ្វីដែលធ្វើឱ្យយើងខុសប្លែកពីអ្នកដទៃ គឺការប្តេជ្ញាចិត្តរបស់យើងចំពោះដំណើរការផ្តល់នូវឥណទានយ៉ាងរលូន ដោយយើងផ្ដោតសំខាន់លើវិស័យអប់រំ ព្រមទាំងការផ្តល់លទ្ធភាពទៅកាន់ប្រជាពលរដ្ឋតាមរយៈកម្ចីជាការផ្តល់ឥណទានទូទៅផងដែរ។ ការសហការគ្នាជាមួយសាលារៀន អន្តរទ្វីប អាមេរិកាំង បានផ្តល់ឱកាសដ៏អស្ចារ្យមួយ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះភាពដ៏ល្អឥតខ្ចោះនៃសេវាកម្មជាមួយសាខាក្រុមហ៊ុនដៃគូក្រុមហ៊ុនសម័្ពន្ធរបស់យើងបន្ថែមទៀត”។

តាមរយៈកម្មវិធីផ្ដល់ឥណទានលើការបង់ថ្លៃសិក្សា លោក លោកស្រីដែលជាមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សនឹងមានភាពងាយស្រួលក្នុងការផ្លាស់ប្តូរពីការបង់ប្រាក់ប្រចាំត្រីមាស ទៅជាគម្រោងបង់ រំលស់ប្រចាំខែវិញ ដែលធ្វើឱ្យពួកគាត់គេកាន់តែមានទំនុកចិត្តក្នុងការគ្រប់គ្រងលើការចំណាយបានល្អប្រសើរជាងមុន ដើម្បីធានាឱ្យបាននូវនិរន្តរភាពនៃការសិក្សារបស់កូនៗរបស់ពួកគេគាត់ដោយមិនមានភាពតានតឹងលើបញ្ហាផ្នែកហិរញ្ញវត្ថុ។ អ្នកជំនាញផ្នែកហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី រួមជាមួយនឹងការយកចិត្តទុកដាក់របស់សាលារៀន អន្តរទ្វីប អាមេរិកាំង ប្ដេជ្ញាថា នឹងបន្តជំរុញដោះស្រាយលើបញ្ហាផ្នែកហិរញ្ញវត្ថុសម្រាប់ការអប់រំនៅកម្ពុជាដល់មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ មានវត្តមានអញ្ជើញចូលរួមជាអធិបតីភាពពី អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង និងក្រុមការងារថ្នាក់ដឹកនាំគណៈគ្រប់គ្រង និងបុគ្គលិករបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ដែលជាការខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះទៅការសម្រេចបាននូវចក្ខុវិស័យរួមនៃដំណើរការទទួលបានការអប់រំដូចគ្នាសម្រាប់ទាំងអស់គ្នា។
បន្ទាប់ពីពិធីចុះហត្ថលេខាខាងលើអនុស្សរណៈនេះ ស្ថាប័នទាំងពីរនឹងបើកឱ្យមាននូវសន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញឱ្យឃើញពីសក្ដានុពលផ្លាស់ប្តូរក្នុងភាពជាដៃគូ និងដំណើរការ ក៏ដូចជាលក្ខខណ្ឌដែលពាក់ព័ន្ធនឹងការផ្តល់ឥណទានថ្លៃសិក្សាសាលា AIS។ តំណាងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី និងតំណាងរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង នឹងលើកឡើងដោយសង្កត់ធ្ងន់លើអត្ថប្រយោជន៍របស់កម្មវិធីផ្ដល់ឥណទាន លើការបង់ថ្លៃសិក្សា ដោយបង្ហាញពីសក្តានុពលរបស់ខ្លួន ក្នុងការផ្តល់លទ្ធភាពដល់ក្រុមគ្រួសារ អាណាព្យាបាល និងរៀបចំអនាគតដ៏ភ្លឺស្វាងសម្រាប់យុវជនកម្ពុជា។






