គិតត្រឹមរយៈពេល៥ខែ នៃដើមឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយទីផ្សារអន្តរជាតិ សម្រេចបានក្នុងទឹកប្រាក់ប្រមាណជា ១៧ពាន់លានដុល្លារអាមេរិក។នេះបើយោងតាមការចុះផ្សាយដោយក្រសួងព័ត៌មាន កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។
ប្រភពដដែល បានដក់ស្រងសម្តី លោក សុខ សុភ័ក្រ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មថា គិតត្រឹមរយៈពេល៥ខែ ទំហំពាណិជ្ជកម្មរបស់កម្ពុជា សម្រេចបានក្នុងទឹកប្រាក់ប្រមាណជា ១៧ពាន់លានដុល្លារអាមេរិក ពោលគឺមានការថយចុះបន្តិច គឺក្នុងរង្វង់១០ ភាគរយ បើប្រៀបនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ២០២៣។
អ្នកនាំពាក្យដដែល បានបញ្ជាក់ថា ការថយចុះនេះ គឺដោយសារកត្តាទីផ្សារអ្នកប្រើប្រាស់នៅក្រៅប្រទេសមានការថយចុះដោយភាពរអាក់រអួលនៃការដឹកជញ្ជូនតាមសមុទ្រ និង អត្រាអតិផរណានៅប្រទេសអ្នកទិញ។ ទោះជាយ៉ាងនេះក្តី លោកថា ការនាំចេញពេញមួយឆ្នាំ២០២៤របស់កម្ពុជានេះ ក៏ត្រូវបានរំពឹងថា នឹងកើនឡើងជិត១០ភាគរយវិញ ដោយសារការនាំចេញក្នុងតំបន់កំពុងមានសន្ទុះកើនឡើងផងដែរ។
ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២៤នេះ កម្ពុជា បាននាំចេញទំនិញរួមមាន៖ សម្លៀកបំពាក់ ស្បែកជើង និងភាគបំណែកស្បែកជើង កាបូប ផលិតផលវាយនភណ្ឌ ទោចក្រយាន គ្រឿងអេឡិចត្រូនិច និងភាគបំណែកផ្សេង។ ដោយឡែក ចំពោះទំនិញ ដែលកម្ពុជា បាននាំចូលផលិតផលវិញ រួមមាន៖ ថ្នាំពេទ្យ និងឱសថបំប៉ន គ្រឿងប្រើប្រាស់ និងចំណីរអាហារ, ភេសជ្ជ: និងទឹកបរិសុទ្ធបំរើឱ្យតម្រូវការភ្ញៀវទេសចរ។
សូមរម្លឹកដែរថា កាលពីឆ្នាំ២០២៣ កន្លងទៅ កម្ពុជា បាននាំចេញទំនិញទោកាន់ទីផ្សារអន្តរជាតិ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ , ម៉ាស៉ីន និងឧបករណ៍អគ្គិសនី , វត្ថុធ្វើពីស្បែក និងបរិក្ខារធ្វើពីរោមសត្វ និងផលិតផលមួយចំនួនទៀត។ ប្រទេសដែលជាទីផ្សារសំខាន់ៗ របស់កម្ពុជារួមមាន៖ ប្រទេសចិន អាមេរិក សហគមន៍អ៊ឺរ៉ុប វៀតណាម ថៃ ប្រទេសជប៉ុន និងបណ្តាទីផ្សារសំខាន់ៗមួយចំនួនទៀត៕