គណៈប្រតិភូធុរកិច្ចនៃការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុង Montreal សំឡឹងឃើញឱកាស និងមានបំណងស្វែងយល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ក្នុងវិស័យសំខាន់ៗ៦ រួមមានវិស័យកសិកម្មនិងការកែច្នៃ វិស័យទេសចរណ៍ សុខាភិបាល អចនទ្រព្យ សេវាកម្ម និងឧស្សាហកម្ម។
ការបង្ហាញបំណងរបស់គណៈប្រតិភូ នៅក្នុងជំនួបសម្តែងការគួរសម រវាងលោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយគណៈប្រតិភូធុរកិច្ចនៃការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុង Montreal ដឹកនាំដោយ លោក Kelvin Mo ប្រធានសភាពាណិជ្ចកម្ម នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។
នៅក្នុងជំនួបនោះ លោក នុត អ៊ុនវ័ណរ៉ា បានប្រាប់ដល់សមភាគីអំពីវឌ្ឍនភាពចុងក្រោយនៃការអភិវឌ្ឍរបស់កម្ពុជាដែលស្តែងចេញតាមរយៈស្ថិរភាពនយោបាយ, ម៉ាក្រូសេដ្ឋកិច្ចដែលមានលំនឹង, និងកំណើនឥតឈប់ឈរនៃរំហូរវិនិយោគ។
បន្ថែមពីនេះ លោកក៏បានគូសរំលេចអំពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជាដែលកាន់តែមានភាពបើកចំហ, ទាក់ទាញ, និងងាយស្រួលសម្រាប់ការបណ្តាក់ទុនវិនិយោគលើគ្រប់វិស័យ ជាពិសេសការគាំទ្ររបស់រាជរដ្ឋាភិបាលដល់ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារតាមរយៈការធានានូវក្របខ័ណ្ឌច្បាប់ដែលមានប្រសិទ្ធភាព, ការដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយ និងផ្ដល់ការលើកទឹកចិត្តដល់ការវិនិយោគ, និងការវិនិយោគយ៉ាងសន្ធឹកសន្ធាប់ទៅលើធនធានមនុស្ស និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា ដើម្បីបង្កើនភាពឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា។
ឆ្លៀតក្នុងឪកាសនោះ លោក Kelvin Mo បានសម្តែងនូវសុទិដ្ឋិនិយមថាព័ត៌មានដែលការិយាល័យតំណាងទទួលបានយ៉ាងគ្រប់ជ្រុងជ្រោយនាឱកាសដំណើរទស្សនកិច្ចមកកាន់កម្ពុជាក្នុងពេលនេះ គឺបានផ្តល់នូវមូលដ្ឋានគ្រប់ជ្រុងជ្រោយសម្រាប់គណៈប្រតិភូដែលរួមដំណើរនាពេលនេះ ហើយក៏នឹងសម្រាប់ពាំនាំយកទៅផ្សព្វផ្សាយជូនសហគមន៍ធុរកិច្ចនៅកាណាដាដែលមានបំណងពង្រីកសកម្មភាពវិនិយោគនិងធុរកិច្ចរបស់ខ្លួននៅកម្ពុជាផងដែរ។
ជាមួយគ្នានោះ ប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុង Montreal ក៏បានបង្ហាញពីបំណងស្វែងយល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាផងដែរ ក្នុងវិស័យសំខាន់ៗ៦ រួមមានវិស័យកសិកម្មនិងការកែច្នៃ វិស័យទេសចរណ៍ សុខាភិបាល អចនទ្រព្យ សេវាកម្ម និងឧស្សាហកម្ម៕