សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្តីរំពឹងថា កំពង់ផែពហុបំណងកំពត នឹងក្លាយជាកំពង់ផែទឹកជ្រៅ និងមានលក្ខណៈទំនើបនាពេលអនាគត ខណៈប្ចុចប្បន្នកំពង់ផែនេះ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាកំពង់ផែកម្រិតអន្តរជាតិស្រាប់រួចទៅហើយ។
សម្តេចធិបតីថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត របស់ក្រុមហ៊ុនកំពតផត ដែលមានទីតាំងស្ថិតនៅក្នុងភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ចម្ងាយប្រមាណ ១៦០គីឡម៉ែត្រ ពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៣ កាលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកថា កំពង់ផែពហុបំណងកំពត ដែលត្រូវបានរាជរដ្ឋាភិបាលទទួលស្គាល់ជាកំពង់ផែអន្តរជាតិកាលពីពេលកន្លងទៅ នាពេលអនាគតខាងមុខ សម្តេចធិបតីជឿថា នឹងក្លាយជាកំពង់ផែទឹកជ្រៅ ព្រមទាំងមានលក្ខណៈទំនើបមួយបន្ថែម ជួយបំពេញបន្ថែមឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ដែលបម្រើដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
ទន្ទឹមគ្នានេះ សម្តេចធិបតី អះអាងថា កំពង់ផែពហុបំណងកំពតនេះដែរ ក៏នឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ ការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជា ដែលនឹងចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានកំណើនបន្ថែមទៀតផងដែរ។
បន្ថែមពីនេះ សម្តេចធិបតី ក៏ស្នើឱ្យក្រសួងសាធារណការ សហការជាមួយក្រុមហ៊ុន ដើម្បីជំរុញការធ្វើទំនើបកម្ម ដើម្បីឈានទៅកំពង់ផែពហុបំណងកំពតនេះ ឱ្យក្លាយជាកំពង់ផែទឹកជ្រៅ និងមានលក្ខណៈទំនើបដែលអាចសម្រួលដល់ការដឹកទំនិញ និងចរាចរណ៍របស់នាវាបានងាយស្រួល។
គួរបញ្ជាក់ដែរថា ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែពហុបំណងកំពត មានវិសាលភាពលើផ្ទៃដីគោក ២០៧ហិកតា និងផ្ទៃទឹក ៦៧៨ហិកតា។ ក្នុងនោះ ដែនគោកជាកម្មសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនកំពតផត រីឯដែនទឹកវិញ ជាកម្មសិទ្ធិរបស់រដ្ឋ ដែលរាជរដ្ឋាភិបាលបានសម្បទានអនុញ្ញាតឱ្យក្រុមហ៊ុនកំពតផត គ្រប់គ្រង ថែទាំ និងប្រើប្រាស់ សម្រាប់ធ្វើជាប្រឡាយនាវាចរណ៍ ឬកន្លែងនាវាចូលចេញ ផ្ទេរផ្ទុកទំនិញនៅកំពង់ផែ។
គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពត នៅក្នុងដំណាក់កាលទី១នេះដែរ បានបញ្ចប់ការសាងសង់ជាស្ថាពរស្របតាមលក្ខណៈបច្ចេកទេស ដោយបានចំណាយថវិកា សាងសង់សរុបប្រមាណ ១៤០លានដុល្លារអាម៉េរិក ដែលជាទុនវិនិយោគរបស់ក្រុមហ៊ុនកំពតផត៕ អត្ថបទ៖ រង្សី