សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ប្រកាសបើកការដ្ឋានស្ថាបនាព្រែកជីក ហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤ខាងមុខនេះ ដើម្បីឯករាជ្យខាងនយោបាយដឹកជញ្ជូន និងផលចំណេញផ្នែកសេដ្ឋកិច្ចជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការជីកព្រែកហ្វូណនតេជោ គឺដើម្បីឯករាជ្យខាងនយោបាយដឹកជញ្ជូន ផលចំណេញផ្នែកសេដ្ឋកិច្ច លើការដឹកជញ្ជូនលើផ្លូវទឹកទៅថ្ងៃអនាគត ព្រមទាំងនឹងបម្រើដល់វិស័យទេសចរណ៍របស់ប្រទេសកម្ពុជា នៅទិសនីរតី ដូចការប្រសិទ្ធនាមថា តារារះនៅទិសនីរតីផងដែរ។
បន្ថែមពីនេះ សម្ដេចធិបតី ក៏បានប្តេជ្ញាថា នឹងជំរុញបើកការដ្ឋានសាងសង់ព្រែកជីកហ្វណនតេជោ នាខែទី៥ ខែសីហាជាផ្លូវការ ខាងមុខនេះតែម្ដងផងដែរ។

គួរបញ្ជាក់ថា បើតាមរាជរដ្ឋាភិបាល ធ្លាប់បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលមានប្រវែង១៨០គីឡូម៉ែត្រ ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ពីក្រុមអ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិចំនួន៤២រូប ទាំងនៅលើដីផ្ទាល់ និងប្រើឧបករណ៍សិក្សាពីលើអាកាស។ ជាលទ្ធផលនៃការសិក្សាបង្ហាញថា គម្រោងដែលមានតម្លៃវិនិយោគប្រមាណ១ពាន់៧រយលានដុល្លារអាម៉េរិកនេះ អាចដំណើរការទៅបានដោយគ្មានបង្កជាផលប៉ះពាល់ដល់បរិស្ថាន ឬលំហូរទឹករវាងទន្លេមេគង្គ និងសមុទ្រនោះទេ។
ជាងនេះទៀត គម្រោងដែលអនុញ្ញាតឱ្យនាវាចំណុះ៣ពាន់តោន អាចធ្វើចរាចរបាននេះ នឹងអាចហុចផលដល់សេដ្ឋកិច្ចចន្លោះពី២១% ទៅ៣០% រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀត៕ អត្ថបទ៖ រង្សី


