ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករជាង ៣០០ពាន់តោន គិតជាទឹកប្រាក់មានចំនួន ២១៩.៩១លានដុល្លារអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។
សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា អង្ករដែលបាននាំចេញនេះ គឺតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៩ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣ ដែលក្នុងនោះ នាំទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត ៧៣ ៣២០តោន គិតជាទឹកប្រាក់ ៤៦.២០លានដុល្លារ ,ទៅកាន់បណ្តាប្រទេសសមាជិកអាស៊ាន៧ ចំនួន ៦៥ ៤១២តោន គិតជាទឹកប្រាក់ ៤៦.៣៤លានដុល្លារ, ទៅកាន់២៦ប្រទេសក្នុងទ្វីបអឺរ៉ុប ចំនួន ១៣៦ ៥២៨តោន គិតជាទឹកប្រាក់ ១០៤.៨០លានដុល្លារ និងនាំចេញទៅកាន់២៧ប្រទេសផ្សេងៗទៀត នៅអាហ្វ្រិក និងមជ្ឈិមបូព៌ា ចំនួន២៧ ៣៣០តោន គិតជាទឹកប្រាក់ ២២.៩៦លានដុល្លារ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងទៀតថា ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបគ្រប់ប្រភេទចំនួន ៧១.១៣% អង្ករគ្រាប់វែង ២៤.៧៥% អង្ករចំហ៊ុយ ២.៤៣% អង្ករសរីរាង្គ ១.៤៣% និងអង្ករផ្សេងៗទៀត ០.២៦%។
ជាមួយគ្នានេះ កម្ពុជា ក៏នាំចេញស្រូវទៅកាន់ប្រទេសជិតខាងបានចំនួនជាង ២លាន ៤៧ម៉ឺនតោន ដែលគិតទឹកប្រាក់ប៉ាន់ប្រមាណជាង ៧១០លានដុល្លារអាមេរិក ដែលក្នុងនោះ ៧២% បាននាំចេញដោយឆ្លងកាត់ ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច។
សូមជម្រាបជូនថា ថ្មីៗនេះក៏មានក្រុមហ៊ុនអាមេរិកដ៏ធំមួយ បានមកសិក្សាអំពីសក្តានុពលស្រូវអង្ករនៅកម្ពុជា ក្នុងគោលបំណងនាំចេញអង្ករកម្ពុជាទៅសហរដ្ឋអាមេរិកនាពេលអនាគតផងដែរ ស្របពេលដែលផលិតផលអង្ករកម្ពុជាធានាបាននូវគុណភាព និងបរិមាណដែលទទួលយកបាន។
លើសពីនោះ ក្រុមហ៊ុនមួយផ្សេងទៀតដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេក្នុងការទិញអង្ករពីប្រទេសកម្ពុជាផងដែរ៕