សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញក្តីសង្ឃឹមជឿជាក់ថា អង្គមហាសន្និបាតសភាយុវពាណិជ្ជករអន្តរជាតិទាំងមូល នឹងមានឱកាសស្វែងយល់ពីសក្តានុពលរបស់កម្ពុជា ពិសេសក្នុងការធ្វើធុរកិច្ច និងវិនិយោគជាដើម។
សម្តេចធិបតី ថ្លែងដូច្នេះក្នុងពិធីមហាសន្និបាតសភាយុវពាណិជ្ជករអន្តរជាតិ (JCI) ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០២៤ ក្រោមប្រធានបទ (Rising Together) នៅមជ្ឈមណ្ឌលសន្និបាតសុខា ខេត្តសៀមរាប កាលល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា អនាគតរបស់យើងអាស្រ័យទៅលើយុវជនគ្រប់ៗរូប ដែលជាអ្នកបន្តវេន ខណៈសម្តេចធិបតី ក៏បានក្រើនរំលឹកទៅកាន់យុវជនទាំងអស់ ដែលកំពុងមានវត្តមាននៅទីនេះ ក៏ដូចជានៅទីកន្លែងដទៃទៀតថា បងប្អូនយុវជននេះហើយជាអ្នកកំណត់ជោគវាសនា នាពេលអនាគតនេះ។
ក្នុងន័យនេះ សម្តេចធិបតី បន្តថា ការពង្រឹងភាពអង់អាចរបស់យុវជន គឺពិតជាការវិនិយោគសម្រាប់អនាគត ដោយសង្គមជាតិមួយរីកចម្រើនទៅបាន លុះត្រាតែយុវជនមានភាពរឹងមាំ មានសីលធម៌ និងមានផ្នត់គំនិតវិជ្ជមានដែលសម្លឹងឆ្ពោះទៅមុខជានិច្ច។ សម្តេចធិបតី បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់អំពីតួនាទីដ៏សំខាន់របស់យុវជន ក្នុងការកសាងអនាគតដ៏ត្រចះត្រចង់មួយរបស់កម្ពុជា។
ឆ្លៀតឱកាសនោះ សម្តេចធិបតី ក៏បានអរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស រដ្ឋបាលខេត្តសៀមរាប និងសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួមចំណែកជាមួយ JCI-កម្ពុជា ក្នុងការរៀបចំមហាសន្និបាតនេះ ប្រកបដោយភាពជោគជ័យ ព្រមទាំងបានគូសរំលេចអំពីអភិក្រមដែលកម្ពុជាជ្រើសរើស ក្នុងការអភិវឌ្ឍយុវជន។
ជាថ្មីម្តងទៀត សម្តេចធិបតី ក៏បានសង្ឃឹមជឿជាក់ដែរថា តាមរយៈអង្គមហាសន្និបាតទាំងមូលនឹងមានឱកាសស្វែងយល់ពីសក្តានុពលរបស់កម្ពុជា ក្នុងការធ្វើធុរកិច្ច និងវិនិយោគ ហើយរាជរដ្ឋាភិបាលរង់ចាំផ្តល់ការសម្របសម្រួលក្នុងនាមជាដៃគូដ៏ស្និទ្ធស្នាល។ បន្ថែមពីនេះ អង្គមហាសន្និបាតនេះ នឹងក្លាយជាកាតាលីករ សម្រាប់ការបំផុសគំនិតច្នៃប្រឌិត និងជាការប្តេជ្ញាចិត្តរបស់យើងសាជាថ្មីក្នុងការកសាងនូវជោគវាសនារួមគ្នាមួយ ដែលប្រកបដោយចីរភាពផងដែរ៕