សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការជំរុញទៅកាន់គណៈប្រតិភូរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ឱ្យរួមគ្នាចែករំលែកបទពិសោធន៍ល្អៗ ដើម្បីជំរុញវិស័យបច្ចេកវិទ្យា ដើម្បីបម្រើនូវមុខងារឱ្យបានត្រឹមត្រូវសម្រាប់សង្គមជាតិ។
ការស្នើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បែបនេះ នៅក្នុងឱកាសសម្តេចធិបតីបានអនុញ្ញាតឱ្យគណៈប្រតិភូរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ដែលដឹកនាំដោយ លោក Pengiran Dato Shamhary Mustapha រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងសារគមនាគមន៍ប្រទេសព្រុយណេដារូសាឡឹម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។
នាឱកាសនោះ សម្តេចធិបតី បានស្វាគមន៍កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ នៅខេត្តសៀមរាប ខណៈសម្តេចធិបតីថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានសារៈសំខាន់ណាស់សម្រាប់រាជរដ្ឋាភិបាលក្នុងការរៀបចំអនាគតដ៏រុងរឿង ហើយបច្ចេកវិទ្យាមានអត្ថប្រយោជន៍ជាអនេក ប៉ុន្តែបច្ចេកវិទ្យាត្រូវតែបម្រើនូវមុខងារឱ្យបានត្រឹមត្រូវសម្រាប់សង្គមជាតិ ហើយមុខងារ និងគោលបំណងទាំងអស់នោះត្រូវកំណត់ឡើងដោយមនុស្ស។
សម្តេចធិបតី ក៏បានបន្ថែមទៀតថា ប្រសិនបច្ចេកវិទ្យាត្រូវបានប្រើប្រាស់ក្នុងទិដ្ឋភាពមិនត្រឹមត្រូវ វាអាចបង្កផលប៉ះពាល់អវិជ្ជមានច្រើនដល់សង្គមជាតិទាំងមូល ដូចជា៖ បទល្មើសបច្ចេកវិទ្យា (cybercrime) សន្តិសុខសាយប័រ (Cybersecurity) និងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលនេះសុទ្ធតែបណ្ដាលមកពី ការប្រើប្រាស់បច្ចេកវិទ្យាក្នុងគោលដៅមិនត្រឹមត្រូវ និងខុសច្បាប់។
ហេតុនេះ ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតី ក៏បានលើកទឹកចិត្តដល់ប្រទេសអាស៊ានទាំងអស់ រួបរួមគ្នាធ្វើការជាមួយគ្នា ហើយចែករំលែកនូវបទពិសោធន៍ល្អៗ ដើម្បីធ្វើយ៉ាងណាជំរុញឱ្យបច្ចេកវិទ្យាអាចបំពេញតួនាទីបានល្អប្រសើរផងដែរ។
គួរបញ្ជាក់ដែរថា ដើម្បីជំរុញឱ្យបច្ចេកវិទ្យាអាចបំពេញតួនាទីបានល្អប្រសើរ សម្តេចធិបតី បានបញ្ជាក់ថា ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តច្បាស់លាស់មានសារៈសំខាន់ សម្រាប់អនុញ្ញាតឱ្យប្រទេសជាតិ ទទួលបានអត្ថប្រយោជន៍ និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចឱ្យបានរុងរឿងបន្ថែមទៀត តាមរយ:ការចូលរួមពីបច្ចេកវិទ្យា៕ អត្ថបទ៖ រង្សី