លោក អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសរុស្ស៊ី នឹងពិចារណាឱ្យមានជើងហោះហើរផ្ទាល់ពីរុស្សីមកកាន់កម្ពុជា ខណៈបច្ចុប្បន្នកំណើនទេសចរណ៍របស់ខ្លួនកមកាន់កម្ពុជាមានការកើនឡើង។
លោកឯកអគ្គរដ្ឋទូតថ្លែងបែបនេះ ខណៈលោកជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ កាលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។
នាឱកាសនោះ លោក អាណាតូលី បូរ៉ូវីក បានលើកឡើងថា ពាក់ព័ន្ធវិស័យទេសចរណ៍ ឃើញថាចំនួនភ្ញៀវទេសចរណ៍រុស្ស៊ីមកកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់ ហើយរុស្ស៊ីនឹងពិចារណាឱ្យមានជើងហោះហើរផ្ទាល់ពីរុស្ស៊ីមកកាន់កម្ពុជា ដើម្បីបង្កើនការផ្លាស់ប្តូរអ្នកទេសចររវាងប្រទេសទាំងពីរ។ លោក ក៏បានថ្លែងអំណរគុណកម្ពុជា ដែលបានធានាសុវតិ្ថភាពភ្ញៀវទេសចរ ដែលមកទស្សនាកម្ពុជា ជាពិសេសភ្ញៀវទេសចររុស្ស៉ីផងដែរ។
ជាងនេះទៀត លោកក៏បានបង្ហាញថា លោក នឹងខិតខំធ្វើយ៉ាងណាក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ទំនាក់ទំនងរវាងក្រុមមិត្តភាពរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីឱ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹងនិងរីកចម្រើនជាលំដាប់។ ពាក់ព័ន្ធនឹងទំនាក់ទំនងសេដ្ឋកិច្ច លោកបានសង្កេតឃើញថា ទំហំពាណិជ្ជកម្មយើងនៅតូចនៅឡើយ ដោយលោកបញ្ជាក់ថា ក្រុមហ៊ុនរុស្ស៊ីមួយចំនួន កំពុងតែស្វែងរកដៃគូរបស់ខ្លួនហើយកំពុងតែធ្វើការជាមួយនឹងសភាពាណិជ្ជកម្ម និងក្រសួងពាណិជ្ជកម្មកម្ពុជាដើម្បីវិនិយោគនៅកម្ពុជាផងដែរ។
ជាកិច្ចឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងអរគុណចំពោះជំនួយសព្វបែបយ៉ាងរបស់សហភាពសូវៀត និងបន្តមកដល់សហព័ន្ធរុស្ស៊ី ដែលបានជួយកម្ពុជានៅពេលដែលកម្ពុជាទើបរំដោះបានពីរបបខ្មែរក្រហម ខណៈសម្តេចក៏បានផ្ដល់ជាអនុសាសន៍ សូមឱ្យជំរុញនូវអ្វីដែលអាចធ្វើទៅបាន ជាពិសេស សូមឱ្យរុស្ស៊ីយកចិត្តទុកដាក់ក្នុងការបង្កើតជើងហោះហើរត្រង់ ពីព្រោះ សម្ដេចតេជោ បានចាត់ទុកថា ដល់ពេលវេលាដែលត្រូវជំរុញវិស័យទេសចរណ៍របស់រុស្ស៊ីមកកាន់ប្រទេសកម្ពុជាហើយ ហើយក៏ជំរុញការដោះស្រាយបំណុលដែលរង់ចាំជាយូរមកហើយនោះ ឱ្យបានឆាប់រួសរាន់ផងដែរ៕