ក្រុមហ៊ុនMIRARTH Agri Tech ដែលជាក្រុមហ៊ុនជប៉ុន មានរោងចក្រផលិត និងកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា នៅខេត្តកំពង់ធំ បានរំពឹងថា ខ្លួននឹងពង្រីកសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឲ្យបាន២ម៉ឺនតោនក្នុងរយៈពេល៥ឆ្នាំខាងមុខ ខណៈបច្ចុប្បន្នអាចកែច្នៃបាន១៥០០តោន ក្នុងមួយឆ្នាំ។នេះបើតាមការលើកឡើងរបស់លោក SASAKI KOJI ប្រធានក្រុមហ៊ុន MIRARTH Agri Tech។
នៅក្នុងជំនួបជាមួយលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី កាលពីពេលថ្មីៗនេះ លោក SASAKI KOJI ប្រធានក្រុមហ៊ុន MIRARTH Agri Tech បានលើកឡើងថា ក្រុមហ៊ុន MIRARTH Holding នៅប្រទេសជប៉ុនមានការវិនិយោគចម្បងនៅក្នុងវិស័យអចលនទ្រព្យ ហើយក៏មានការវិនិយោគផងដែរនៅក្នុងវិស័យថាមពល ដូចជាថាមពល ពន្លឺព្រះអាទិត្យ ហើយថ្មីៗនេះក៏បានចាប់ផ្តើមការវិនិយោគលើជីវៈឥន្ធនៈផងដែរ។
លោកបានបន្តថា កត្តាដែលជំរុញឱ្យក្រុមហ៊ុនជ្រើសរើសកម្ពុជាក្នុងការបោះទុនវិនិយោគ គឺដោយសារកម្ពុជាជាប្រទេសមួយដែលមានសក្តានុពលខ្ពស់ពាក់ព័ន្ធនឹងការដាំដុះនិងផលិតកម្មគ្រាប់ស្វាយចន្ទី ហើយ បច្ចុប្បន្នការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជានៅមានចំនួនតិចតួច ដែលជាឱកាសមួយសម្រាប់ក្រុមហ៊ុនរបស់លោក។
ជាមួយគ្នានោះ លោកបានគូសបញ្ជាក់ថា បច្ចុប្បន្ន រោងចក្ររបស់ក្រុមហ៊ុន MIRARTH Agri Tech ដែលទើបសម្ពោធដាក់ឱ្យដំណើរការនៅក្នុងខេត្តកំពង់ធំ មានសមត្ថភាពអាចកែច្នៃគ្រាប់ស្វាយចន្ទីបានប្រមាណ ១ ៥០០ តោនក្នុងមួយឆ្នាំ ហើយក្រុមហ៊ុនរំពឹងថានឹងពង្រីកសមត្ថភាពកែច្នៃរហូតដល់ប្រមាណ ២ម៉ឺនតោនក្នុងមួយឆ្នាំ ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ ដែលអាចផលិតថាមពលបានប្រមាណ ២,៥មេហ្គាវ៉ាត់។
បើតាមលោក SASAKI KOJI មិនមែនមានតែសំបកស្វាយចន្ទីនោះទេ ដែលអាចផលិតជាថាមពលបាន សូម្បីតែ មែក និងសំបករបស់ដើមស្វាយចន្ទីក៏អាចផលិតជាថាមពលបានផងដែរ។ កត្តានេះបានជំរុញឱ្យក្រុមហ៊ុនត្រូវរៀបចំផែនការក្នុងការប្រមូលទិញ ឬដាំដើមស្វាយចន្ទី សម្រាប់ផ្គត់ផ្គង់ផលិតកម្មរបស់ក្រុមហ៊ុន។ លោកបញ្ជាក់ថា ក្នុងការអភិវឌ្ឍវិស័យស្វាយចន្ទី ជាការកែច្នៃគ្រាប់ស្វាយចន្ទី និងផលិតថាមពលពីសំបកគ្រាប់ស្វាយចន្ទី នឹងរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍនៅប្រទេសកម្ពុជា។
ជាការឆ្លើយតប លោក វង្សី វិស្សុត បានឲ្យដឹងថា នៅក្នុងរយៈពេល ៤ទៅ ៥ឆ្នាំចុងក្រោយនេះ ដំណាំស្វាយចន្ទីមានការកើនឡើងច្រើនគួរឱ្យកត់សម្គាល់ ក៏ប៉ុន្តែការកែច្នៃស្វាយចន្ទីនេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដូចជាការកែច្នៃសំបកជាដើម។លោកក៏បានណែនាំឱ្យក្រុមហ៊ុន MIRARTH Agri Tech បង្កើនការកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបានកាន់ច្រើន និងលឿនជាងនេះទៀត និងជាពិសេសធានាឱ្យបាននូវផលប្រយោជន៍ដល់ប្រជាជនមូលដ្ឋាន។
លោកបានបន្តថា ដំណាំស្វាយចន្ទី គឺជាដំណាំដែលមានសក្តានុពលខ្ពស់ ហើយការកែច្នៃគ្រាប់ស្វាយចន្ទីត្រូវធ្វើឡើងនៅគ្រប់ខ្សែច្រវាក់តម្លៃផលិតកម្ម ដើម្បីបង្កើនតម្លៃបន្ថែមនិងភាគលាភជូនប្រជាជន និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់បន្ថែមថា សមេ្តចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា មានឆន្ទៈប្រែក្លាយប្រទេសកម្ពុជាជាប្រទេសលេខ១ នៅលើពិភពលោក ក្នុងផលិតកម្មស្វាយចន្ទី ហើយក៏បានបញ្ជាក់ផងដែរនូវឆន្ទៈគាំទ្រយ៉ាងពេញទំហឹងរបស់រាជរដ្ឋាភិបាលកម្ពុជា។
គួរបញ្ជាក់ថា ក្រុមហ៊ុន MIRATH Agri Tech ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន MIRARTH Holding របស់ជប៉ុន ដែលកំពុងវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទី និងសំបកស្វាយចន្ទីទៅជាប្រេងជីវឥន្ធនៈនៅខេត្តកំពង់ធំ ដែលបានសម្ពោធដាក់ឱ្យដំណើរការកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤៕