កម្ពុជា-គុយបា នឹងជំរុញកិច្ចសហប្រតិបត្តិការវិនិយោគវិស័យស្រូវអង្ករទ្វេភាគី

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីការបន្តរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសជំរុញការវិនិយោគលើវិស័យស្រូវអង្ករ។ការលើកឡើងនេះ បានធ្វើឡើងក្នុងជំនួបរវាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជា នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងនូវការសាទរ និងស្វាគមន៍ឯកអគ្គរដ្ឋទូតថ្មី ក្នុងការមកបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជំរុញការវិនិយោគលើវិស័យស្រូវអង្ករនៅប្រទេសគុយបា ខណៈលោកថា ដើម្បីឱ្យការវិនិយោគទទួលបានជោគជ័យ មានផលចំណេញ មានសុវត្ថិភាព និងសន្តិសុខដល់អ្នកវិនិយោគកម្ពុជា គឺចាំបាច់ត្រូវធ្វើការសិក្សាឱ្យបានត្រឹមត្រូវច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ទាំងទិដ្ឋភាពផ្លូវច្បាប់ និងនយោបាយ ព្រមទាំងឱកាសនៃការវិនិយោគ។

បន្ថែមពីនេះ លោករដ្ឋមន្រ្តីថា ការកសាងទំនុកចិត្តទាំងអស់គ្នា ជាមួយនឹងវិស័យឯកជន គឺចាំបាច់ ដើម្បីសហការ ចូលរួមជាមួយគ្នា ពិនិត្យ និងស្វែងរកដំណោះស្រាយ ដែលល្អ ទទួលយកបាន អនុលោមតាមច្បាប់វិនិយោគ និងច្បាប់ប្រទេស ផ្តល់ផលចំណេញទាំងអស់គ្នា និងមាននិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។

លោក ក៏បានបញ្ជាក់បន្ថែមថា ការទទួលបានការសម្របសម្រួលការវិនិយោគឱ្យមានភាពងាយស្រួល ទាំងចរន្តសាច់ប្រាក់ ទីផ្សារ និងភស្តុភាកម្ម (Logistic) ព្រមទាំងបច្ចេកវិទ្យា និងធាតុចូលកសិកម្ម ដែលមានតម្លៃសមរម្យ សម្រាប់បង្កើនផលិតភាព គឺជាកត្តារួមចំណែកដ៏សំខាន់ ដើម្បីទទួលបានជោគជ័យ និងទាក់ទាញអ្នកវិនិយោគផងដែរ។

យោងតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា កាលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា រយៈពេល៥ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករជាង ៣០០ពាន់តោន គិតជាទឹកប្រាក់មានចំនួន ២១៩.៩១លានដុល្លារអាមេរិក។ ដោយក្នុងនោះ អង្ករដែលបាននាំចេញនេះ គឺតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៩ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣ ដែលក្នុងនោះ នាំទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត ៧៣ ៣២០តោន គិតជាទឹកប្រាក់ ៤៦.២០លានដុល្លារ ,ទៅកាន់បណ្តាប្រទេសសមាជិកអាស៊ាន៧ ចំនួន ៦៥ ៤១២តោន គិតជាទឹកប្រាក់ ៤៦.៣៤លានដុល្លារ, ទៅកាន់២៦ប្រទេសក្នុងទ្វីបអឺរ៉ុប ចំនួន ១៣៦ ៥២៨តោន គិតជាទឹកប្រាក់ ១០៤.៨០លានដុល្លារ និងនាំចេញទៅកាន់២៧ប្រទេសផ្សេងៗទៀត នៅអាហ្វ្រិក និងមជ្ឈិមបូព៌ា ចំនួន២៧ ៣៣០តោន គិតជាទឹកប្រាក់ ២២.៩៦លានដុល្លារ៕ អត្ថបទ៖ រង្សី