សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការកែលម្អយន្តការអនុវត្តច្បាប់ និងការពង្រឹងធនធានមនុស្ស គឺគន្លឹះសំខាន់ឈានទៅពង្រឹងគុណភាពការងារនៅក្នុងស្ថាប័ន ពិសេសក្នុងស្ថាប័នដែលអនុវត្តន៍ច្បាប់ជាធំ។
សម្តេចធិបតី ថ្លែងបែបនេះ នៅក្នុងពិធី «បិទវគ្គបណ្តុះបណ្ដាលឆ្នាំ ២០២៣ និង ពិធីបើកវគ្គ បណ្តុះបណ្តាលឆ្នាំ ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល » នាព្រឹកថ្ងៃចន្ទ ទី ១០ ខែ មិថុនា នៅវិទ្យាស្ថានជាតិអប់រំ។
នាឱកាសនោះ សម្តេចធិបតី បានលើកឡើងថា មានប្រព័ន្ធការងារល្អ លុះត្រា ណាយើងត្រូវមានធនធានមនុស្សគ្រប់គ្រាន់ ដូច្នេះយើងត្រូវតែពង្រឹងនូវធនធានមនុស្សនេះឱ្យកាន់តែល្អ ប្រសើរបន្ថែមទៀតគ្រប់ក្រសួង ស្ថាប័នទាំងអស់។
សម្ដេចធិបតី បានបន្តថា ដើម្បីឱ្យការងារក្នុងស្ថាប័នមួយរីកមច្រើន និង ដំណើរការទៅដោយរលូន គឺត្រូវមានយន្តការល្អ និងធនធានមនុស្សប្រកបដោយសមត្ថភាព និងគុណភាពខ្ពស់ ព្រោះធនធានមនុស្សគឺជាកត្តាធំបំផុតសម្រាប់កសាងជាតិ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតលើគ្រប់វិស័យ ហើយប្រសិនបើគ្មានធនធានមនុស្សទេកិច្ចការងារអ្វីក៏មិនអាចសម្រេចបាននោះឡើយ។
ជាមួយគ្នានេះ ពាក់ព័ន្ធមន្រ្តីប៉ូលីសចរាចរណ៍ដែលអនុវត្តន៍ច្បាប់វិញ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ណែនាំដល់មន្រ្តីនគរបាលចរាចរណ៍ទាំងអស់ពេលជួបករណី ប្តី ឬសាច់ញាតិដឹកស្រ្តីមានផ្ទៃពោះទៅកាន់មន្ទីរពេទ្យ ហើយមានការលើសលស់នឹងច្បាប់ចរាចរណ៍គប្បីត្រូវលើកលែងដល់ពួកគាត់ និង ត្រូវអមពួកគាត់ និងធ្វើចរាចរណ៍ជូនពួកគាត់ឱ្យដល់គោលដៅ ឬមន្ទីរពេទ្យទើបជាការល្អបំផុតសម្រាប់មន្រ្តីបម្រើប្រជាជន។
ចំនុចខាងលើនេះ សម្តេចធិបតី អះអាងថា ការកែលម្អយន្តការអនុវត្តច្បាប់បែបនេះ គឺជាការឆ្លើយតបទៅនឹងតម្រូវការ និងពង្រឹងប្រសិទ្ធភាពការងារជូនពលរដ្ឋ។
សូមបញ្ជាក់ដែរថា បើតាមសម្តេចធិបតី បានង្កត់ធ្ងន់ដែរថា យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ គឺបានផ្ដោតសំខាន់លើការពង្រឹងអភិបាលកិច្ចល្អ ក្នុងនោះផ្តោតលើយន្តការការងារ និងការអភិវឌ្ឃធនធានមនុស្ស៕អត្ថបទ៖ រង្សី