គណៈប្រតិភូ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងជំរុញវិនិយោគកម្ពុជា-វៀតណាម ឆ្នាំ២០២៤ ដើម្បីជំរុញនិងទាក់ទាញការវិនិយោគលើឧស្សាហកម្មកែច្នៃកសិផលសម្រាប់ការនាំចេញ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា សិក្ខាសាលាខាងលើនេះ រៀបចំឡើងដោយសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា និងមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មនិងវិនិយោគទីក្រុងហូជីមិញ មានរយៈពេល ៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជា លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងសិក្ខាសាលាផ្សព្វផ្សាយវិនិយោគនេះ មានការចូលរួមពីតំណាងសភាពាណិជ្ជកម្មកម្ពុជានិងក្រុមហ៊ុនវិនិយោគវៀតណាមចំនួនប្រមាណ ៤០ ក្រុមហ៊ុន មកពីជុំវិញទីក្រុងហូជីមីញ និងទីក្រុងអាងយ៉ាង។
លោកបន្តថា៖« គោលបំណងនៃសិក្ខាសាលាគឺផ្តោតសំខាន់លើការជំរុញនិងទាក់ទាញការវិនិយោគលើឧស្សាហកម្មកែច្នៃកសិផលរបស់កម្ពុជា សម្រាប់ការនាំចេញ តាមរយ:ការបង្កើតជាតំបន់សេដ្ឋកិច្ចពិសេស រឺតំបន់ប្រមូលផ្តុំឧស្សាហកម្មកសិ-ឧស្សាហកម្ម»។
ឆ្លៀតក្នុងឱកាសនោះ លោក ក៏បានជម្រាបជូនពីកាលានុវត្តភាពវិនិយោគ និងការដាក់ចេញនូវច្បាប់បទប្បញាត្តិនិងគោលនយោបាយសំខាន់ៗក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា និងប្រែក្លាយកម្ពុជាជាគោលដៅវិនិយោគដែលកាន់តែមានភាពទាក់ទាញ ហើយបានស្នើដល់វិនិយោគិនវៀតណាមពិនិត្យលទ្ធភាពពីកាលានុវត្តភាពដែលមានទាំងនេះដើម្បីបណ្តាក់ទុនវិនិយោគ ចូលរួមចំណែកពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងប្រទេសយើងទាំងពីរផងដែរ។
សូមរម្លឹកដែរថា ក្នុងដំណើរទស្សនកិច្ចរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅប្រទេសវៀតណាម កាលពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ក្រុមហ៊ុន Hung Hau Agricultural Corporation របស់ប្រទេសវៀតណាម បានចុះអនុស្សារណ:យោគយល់គ្នាជាមួយក្រុមហ៊ុន Rithy Granite Cambodia Co., Ltd ដើម្បីអភិវឌ្ឍវិស័យកែច្នៃផលិតផលកសិ-ឧស្សាហកម្មកម្ពុជា ជាពិសេសលលើផលិតផលគ្រាប់ស្វាយចន្ទី ស្វាយរមៀត និងកសិផលដ៍ទៃទៀត ហើយដែលក្រុមហ៊ុនបានផ្តល់ព័ត៌មានជាវិជ្ជមានពីការគ្រោងចាប់ផ្តើមការវិនិយោគរបស់ខ្លួននៅកម្ពុជានាពេលឆាប់ៗខាងមុខនេះថែមទៀត៕ អត្ថបទ៖ រង្សី