ប្រទេសចិននៅតែជាប្រទេសស្ថិតលេខរៀងទី១ ក្នុងការបណ្តាក់ទុនវិនិយោគច្រើនជាងគេនៅកម្ពុជា ជាក់ស្តែងក្នុងខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ ចិនជាប់លេខ១ ដែលជាប្រទេសមានប្រភពទុនវិនិយោគនៅកម្ពុជាប្រមាណជិត៥០% នៃទុនវិនិយោគសរុប។
យោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុងខែឧសភា ឆ្នាំ២០២៤កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្ម សរុបចំនួន ២៥គម្រោង ដែលទុនវិនិយោគសរុបប្រមាណ ២៤៦ ៣០៥ ០០៣ដុល្លាអាមេរិក និងបង្កើតការងារចំនួនប្រមាណ ១៥ ១៣៩កន្លែង។ បើប្រៀបធៀបក្នុងខែឧសភាឆ្នាំ២០២៣ កើតឡើងជាង ៣០៨% លើទុនវិនិយោគ។
ដោយនៅក្នុងនោះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខ រៀងទី ១ ដោយបានរួមចំណែកជិត ៥០% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្រប ដណ្តប់ប្រមាណជិត ៣១% នៃទុនវិនិយោគសរុប។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រទេសដែលជាប្រភពទុនវិនិយោគនៅកម្ពុជារួមមាន៖ ចិនលេខ១ មានទុនវិនិយោគប្រមាណ ៤៩,៦៧%, កម្ពុជាលេខ២ ប្រមាណ ៣០,៨៥%, សិង្ហបុរីលេខ៣ ប្រមាណ ១០,១៥% និងប្រមាណ៩% មកពីបណ្តាប្រទេសផ្សេងៗ ដូចជា អូស្ត្រាលី លេខ៤ ប្រមាណ ២,៣៣% វៀតណាមលេខ៥ ប្រមាណ ២,២៩% កូរ៉េ លេខ៦ ប្រមាណ ២,០៥% សេណេហ្គាល់ លេខ៧ ប្រមាណ ២,០៣% និងសហរដ្ឋអាមេរិក លេខ៨ ប្រមាណ ០,៦៣%។
គួរបញ្ជាក់ផងដែរថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ការវិនិយោគក្នុងស្រុកឈរនៅលំដាប់លេខរៀងទី១ រីឯការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី២ ដោយបានរួមចំណែកប្រមាណជាង ៩៣% នៃការវិនិយោគសរុប។
ថ្វីត្បិតក្នុងត្រីមាសទី១ ចិនស្ថិតក្នុងលេខ២ តែលំហូរទុនវិនិយោគឯកជនចិននៅកម្ពុជាមានការកើនឡើង ពោល ប្រមាណ២២%នៅឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២។ភាគច្រើនគម្រោងវិនិយោគនេះ គឺចិនបានឈរនៅលំដាប់លេខរៀងទី១ មានប្រមាណ ៦៦% ចំណែកក្នុងស្រុកមានប្រមាណ២៤% ក្រៅពីនេះគឺបន្ទាប់បន្សំ។
ចំណែកខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ ប្រទេសចិនជាប់លេខ១ ដែលជាប្រទេសមានប្រភពទុនវិនិយោគនៅកម្ពុជាជិត៥០%។ចំណែកឯទំហំពាណិជ្ជកម្មកម្ពុជា-ចិនក៏បានកើនឡើងដល់ប្រមាណ១២ ប៊ីលានដុល្លារក្នុងឆ្នាំ២០២៣ មានកំណើនប្រមាណជិត៥% បើធៀបឆ្នាំ២០២២។ដោយឡែកបើគិតត្រឹមរយៈពេល៤ខែ ឆ្នាំ២០២៤នេះ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មបានជាង ១៦ ៩១៣ លានដុល្លារ មានកំណើនប្រមាណជិត ១២% ក្នុងនោះប្រទេសចិនស្ថិតនៅលេខរៀងទី៣ បន្ទាប់ពីអាមេរិក និងវៀតណាម៕