លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើការលើកបង្ហាញ និងផ្សព្វផ្សាយសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាទៅកាន់សហគ្រាសរបស់អេស្ប៉ាញ នៃសហភាពអឺរ៉ុប ក្នុងបំណងដើម្បីទាក់ទាញអ្នកវិនិយោគសហភាពអឺរ៉ុបមកកាន់ប្រទេសកម្ពុជា។
ការផ្សព្វផ្សាយពីសក្តានុពលរវិនិយោគ របស់ប្រតិភូកម្ពុជា ដែលដឹកនាំដោយលោក ស៊ុន ចាន់ថុល បានធ្វើឡើងកាលព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នាប្រទេសអេស្ប៉ាញ។កម្មវិធីនេះ ក្រោមការអញ្ជើញជាសហធិបតីពី លោកស្រី Amparo Lopez Senovilla រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ព្រះរាជាណាចក្រអេស្ប៉ាញ ព្រមទាំងមានការចូលរួមពី សភាពាណិជ្ជកម្មអេស្ប៉ាញ, សហព័ន្ធអង្គការពាណិជ្ជកម្មអេស្ប៉ាញ(CEOE), គណៈប្រតិភូកម្ពុជា និងវិស័យឯកជនជាច្រើនរូបផងដែរ។
នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានបង្ហាញក្តីរីករាយដែលបានចូលរួម និងមានប្រសាសន៍ក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នាឱកាសនេះ ព្រមទាំងបានជម្រាបជូនអំពីសក្តានុពលកម្ពុជាមានជាអាទិ៍ ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មកម្ពុជា ភាពប្រទាក់ក្រឡានៃហេដ្ឋារចនាសម្ព័ន្ធកម្ពុជាទាំងផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស និងផ្លូវដែក ពិសេសមានរាជរដ្ឋាភិបាលផ្ដល់ការគាំទ្រដល់ភាពរីកចម្រើនរបស់ធុរជន និងច្បាប់វិនិយោគមានភាពបើកចំហរជូនវិនិយោគិនពីគ្រប់ប្រទេស។
ជាសុទិដ្ឋិនិយមសម្រាប់កិច្ចសម្របសម្រួលជូនវិនិយោគិន លោក ក៏បានបង្ហាញនូវជំនឿយ៉ាងមុតមាំថាវិនិយោគិន និងធុរជនដែលបានអញ្ជើញចូលរួមនាពេលនេះនឹងអញ្ជើញមកសិក្សាស្វែងយល់ដោយផ្ទាល់នៅកម្ពុជា ក៏ដូចជាពាំនាំនូវបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជាទៅកាន់សហគមន៍ធុរកិច្ចអេស្ប៉ាញឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
ក្នុងកម្មវិធីនោះដែរ ប្រតិភូកម្ពុជា ក៏បានរំលេចកាន់តែស៊ីជម្រៅបន្ថែមទៀតដល់ប្រទេសសហភាពអឺរ៉ុប អំពីបរិយាកាស ការគាំទ្ររបស់រាជរដ្ឋាភិបាល និងសក្តានុពលវិនិយោគលើវិស័យថ្មីៗនៅកម្ពុជា ពិសេសលើវិស័យយានយន្តនិងអេឡិចត្រូនិក, កសិកម្មនិងកសិ-ឧស្សាហកម្ម, សុខាភិបាលនិងឱសថ, ថាមពលកកើតឡើងវិញ, ទេសចរណ៍និងបដិសណ្ឋារកិច្ចថែមទៀត។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការវិនិយោគនេះដែរ បានបង្ហាញថា នៅក្នុងមួយខែឧសភា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)បានសម្រេចអនុម័តគម្រោងថ្មីចំនួន ២៤គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ២៤៦លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ១៥ពាន់កន្លែង។ ក្នុងខែឧសភា ឆ្នាំ២០២៤ នេះដែរ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខ រៀងទី ១ ដោយបានរួមចំណែកជិត ៥០% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្រប ដណ្តប់ប្រមាណជិត ៣១% នៃទុនវិនិយោគសរុប៕ អត្ថបទ៖ រង្សី