(ភ្នំពេញ)៖ ដើម្បីសមិទ្ធផលថ្ងៃមុខ ការខិតខំបច្ចុប្បន្នមិនអាចបោះបង់ចោលជាដាច់ខាត។ ខ្មែរ ប៊ែវើរីជីស ជាដៃគូសហការយូរអង្វែងនៅក្នុងវិស័យកីឡានៅកម្ពុជា បានប្ដេជ្ញាចិត្តជំរុញកីឡាបាល់ទះកម្ពុជាឱ្យឈ្នះមេដាយមាស ស៊ីហ្គេម ទោះបីជាស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នមិនឋិតថេរ។

ខ្មែរ ប៊ែវើរីជីស ក្នុងនាមជាក្រុមហ៊ុនខ្មែរ ដែលតែងតែឧបត្ថម្ភ គាំទ្រយ៉ាងសកម្ម និងលើកស្ទួយវិស័យកីឡាបាល់ទះកម្ពុជា តាមរយៈការឧបត្ថម្ភថវិការ ៥០ម៉ឺនដុល្លារ រយៈពេល៥ឆ្នាំ ជូនដល់សហព័ន្ធកីឡាបាល់ទះកម្ពុជា ដើម្បីគាំទ្រលើការបណ្ដុះបណ្ដាលកីឡាករ និងការចំណាយលើសម្ភារៈកីឡាផ្សេងៗ។ កន្លងមក ភេសជ្ជៈប៉ូវកម្លាំង វើកនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានឧបត្ថម្ភរៀបចំព្រឹត្តិការណ៍បាល់ទះធំៗ និងទូទាំងប្រទេស សម្រាប់បណ្តុះកីឡាករមានសមត្ថភាព និងវិនិយោគលើជ័យជំនះនាពេលអនាគត ជាពិសេសសម្រាប់ព្រឹត្តិការណ៍ ស៊ីហ្គេមនាពេលខាងមុខ។

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានប្រកាសសន្យាជាផ្លូវការថា នឹងផ្ដល់ជូនមាស ២គីឡូក្រាម ក្នុងលក្ខខណ្ឌដែលក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជាឈ្នះមេដាយមាស ស៊ីហ្គេម។
ដូចនេះកាលពីថ្ងៃទី៨ មិថុនា ឆ្នាំ២០២៤ ខ្មែរ ប៊ែវើរីជីស បានរៀបចំសន្និសីទសារព័ត៌មាន និងពិសាអាហារសាមគ្គី នៅសណ្ឋាគារ Fairfield by Marriott Phnom Penh ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា, លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដើម្បីអបអរសាទរចំពោះប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករនៃសមាគមកីឡាបាល់ទះវិសាខាកម្ពុជា ក្នុងការនាំយកជ័យជំនះជូនមាតុភូមិពីកោះតៃវ៉ាន់កាលពីថ្នីៗនេះ។ ម្យ៉ាងទៀតនោះគឺ ដើម្បីជំរុញលើកទឹកចិត្តបន្ថែមធ្វើយ៉ាងណាខិតខំ ប្រឹងប្រែង ស្វែងរកគន្លឹះថ្មីៗ និងហ្វឹកហាត់បន្ថែមជាបន្តបន្ទាប់ ដើម្បីពង្រឹងភាពខ្លាំងរបស់កីឡាករឱ្យមានសមត្ថភាពពេញលេញក្នុងការចូលរួមប្រកួតព្រឹត្តិការណ៍កីឡា ស៊ីហ្គេម ក្នុងពេលឆាប់ៗខាងមុខនេះ។













