រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា និងរដ្ឋមន្ត្រីក្រសួងការងារ និងសុខុមាលភាពនៃព្រះរាជាណាចក្រជប៉ុន ឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យការងារ និងសន្តិសុខសង្គមឱ្យកាន់តែរីកចម្រើនបន្ថែមទៀតស្របតាមកម្រិតទំនាក់ទំនងការទូតថ្មីដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងនៅក្នុងដំណើរចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO) នាប្រទេសស្វីស រវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
និងលោក MIYAZAKI Masahisa រដ្ឋមន្ត្រីក្រសួងការងារ និងសុខុមាលភាពនៃព្រះរាជាណាចក្រជប៉ុន កាលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា និងរដ្ឋមន្ត្រីក្រសួងការងារ និងសុខុមាលភាពនៃព្រះរាជាណាចក្រជប៉ុន បានអបអរសាទរចំពោះខួបទំនាក់ទំនងការទូត៧០ឆ្នាំរវាងកម្ពុជានិងជប៉ុនដែលបានប្រារព្ធ កាលពីឆ្នាំមុន និងការដំឡើងកម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានបង្ហាញពីភាពរឹងមាំ និងភាពជិតស្និទ្ធរវាងកម្ពុជា-ជប៉ុន។
បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានជជែកពិភាក្សាផ្លាស់ប្តូរព័ត៌មានបន្ថែម ពីកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារដែលបាននិងកំពុងជួយជ្រោមជ្រែងនិងគាំទ្រលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមតាមរយៈឱកាសការងារ ការផ្ទេរបច្ចេកវិទ្យា និងជំនាញបច្ចេកទេស។
ក្រៅពីនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ក៏បានថ្លែងអំណរគុណដល់ប្រទេសជប៉ុនដែលតែងតែបន្តផ្តល់អ្នកជំនាញមកគ្រឹះស្ថានបណ្តុះបណ្តាលរបស់កម្ពុជាដើម្បីបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពនិងលើកកម្ពស់ជំនាញលើវិស័យអេឡិចត្រូនិច គ្រឿងម៉ាស៊ីន និងរថយន្តនៅកម្ពុជា។
ឆ្លើយតបចំពោះចំណុចនេះ លោក MIYAZAKI Masahisa បានអះអាងថា ជប៉ុនបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តជួយកម្ពុជាបន្ថែមទៀត។
តាមរយៈជំនួបពិភាក្សានេះដែរ ភាគីទាំងពីរ ក៏បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងសន្តិសុខសង្គមដែលមានស្រាប់ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតដើម្បីស្របទៅតាមកម្រិតទំនាក់ទំនងក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលរាជរដ្ឋាភិបាលទាំងពីរសម្រេចបាន៕