លោក ផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជំរុញការអនុវត្តនូវកិច្ចដំណើរការប្រព័ន្ធឌីជីថល សម្រាប់ការបំពេញបែបបទគយ មុនពេលបញ្ញើឆាប់រហ័សមកដល់ ដែលជាផ្នែកមួយនៃការកែទម្រង់ពីឯកសារជាក្រដាស ទៅជាទម្រង់ឌីជីថល (Digitalisation) ដើម្បីជួយសម្រួលដល់វិស័យឯកជនអាចបញ្ចេញទំនិញបានឆាប់រហ័សជាងមុន។
ការជំរុញនេះ បានធ្វើឡើងក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង «សេចក្ដីណែនាំស្តីពីនីតិវិធីនៃការគ្រប់គ្រងបញ្ញើប្រៃសណីយ៍ បញ្ញើឆាប់រហ័ស និងទំនិញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន»នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។
លោក ផា អេងវ៉េង បានថ្លែងថា ដើម្បីឱ្យការអនុវត្តការបំពេញបែបបទគយ មុនពេលទំនិញមកដល់សម្រាប់បញ្ញើឆាប់រហ័ស ទទួលបានប្រសិទ្ធភាព ចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការល្អ ពីប្រតិបត្តិករបញ្ញើឆាប់រហ័សក្នុងការតភ្ជាប់ប្រព័ន្ធ របស់ក្រុមហ៊ុនជាមួយប្រព័ន្ធបច្ចេកវិទ្យារបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីផ្តល់នូវព័ត៌មានកញ្ចប់បញ្ញើឆាប់រហ័សមុនពេលទំនិញមកដល់ ដែលព័ត៌មានទាំងនោះ នឹងជួយឱ្យមន្ត្រីគយមានពេលវេលាសមស្រប ក្នុងការវិភាគ និងវាយតម្លៃហានិភ័យមុនពេលទំនិញមកដល់ ព្រមទាំងជួយសម្រួលដល់វិស័យឯកជន អាចបញ្ចេញទំនិញបានឆាប់រហ័សជាងមុន។
ទន្ទឹមនឹងនេះ លោក ផា អេងវ៉េង បានបន្ដថា ការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) កន្លងមក ក៏ជាផ្នែកមួយនៃការអនុវត្តការបំពេញបែបបទគយមុនពេលទំនិញមកដល់ ដែលបានអនុវត្តសម្រាប់ការស្នើសុំលិខិតអនុញ្ញាតនាំចូល-នាំចេញនានា។
ជាមួយគ្នានោះ ធាតុចូលនានារបស់ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករបញ្ញើឆាប់រហ័ស នឹងរួមចំណែកដល់ការរៀបចំ «សេចក្ដីណែនាំ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបញ្ញើប្រៃសណីយ៍ បញ្ញើឆាប់រហ័ស និងទំនិញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន» ឱ្យបានកាន់តែល្អប្រសើរ គ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបទៅនឹងនិន្នាការកើនឡើងយ៉ាងឆាប់រហ័ស នៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឆ្លងកាត់ព្រំដែននៅកម្ពុជា៕