រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ក្រសួងបាននិងកំពុងជំរុញគោលនយោបាយកសិកម្មឱ្យកាន់តែរីកចម្រើន ខណៈលោកអះអាងថា កម្ពុជាបើកទូលាយ និងស្វាគមន៍ជានិច្ច ចំពោះអ្នកវិនិយោគលើវិស័យកែច្នៃ វេចខ្ចប់ សម្រាប់នាំចេញកសិផលផងដែរ។
លោករដ្ឋមន្ត្រី ឌិត ទីណា បានលើកឡើងដូច្នេះ ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Beverly Posma នាយិកាប្រតិបត្តិនៃអង្គការ Grow Asia Partnership នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។
នៅក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ថា ក្រសួងបាននិងកំពុងជំរុញគោលនយោបាយកសិកម្មឱ្យកាន់តែរីកចម្រើន ដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការពង្រឹងសហគមន៍កសិកម្មទំនើប ដែលជាដំណោះស្រាយមួយសម្រាប់ប្រជាកសិករដែលត្រូវការការគាំទ្រ ទាំងបញ្ហាបច្ចេកទេស ទុន ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
លើសពីនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់បន្តថា៖«កម្ពុជាកំពុងបន្តជំរុញការនាំចេញកសិផលសក្តានុពល ដូចជា ស្រូវ អង្ករ ស្វាយ ស្វាយចន្ទី និងម្រេច ជាដើម ទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់។ លើសពីនេះ កម្ពុជាបើកទូលាយ និងស្វាគមន៍អ្នកវិនិយោគ មកវិនិយោគលើការកែច្នៃ វេចខ្ចប់ នាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិផងដែរ»។
នាឱកាសនោះដែរ រដ្ឋមន្រ្តីក្រសួងកសិកម្ម ក៏បានលើកឡើងអំពីភាពចាំបាច់នៃកម្ចីដែលមានអាត្រាការប្រាក់ទាប ដែលអាចជួយជំរុញផលិតកម្មកសិកម្មឱ្យប្រសើរឡើង តាមរយៈការវិនិយោគផ្ទះសំណាញ់ និងប្រព័ន្ធស្រោចស្រព ប្រកបដោយប្រសិទ្ធភាព និងផ្តល់ផលចំណេញ ដល់ប្រជាកសិកជាដើម។
ជុំវិញការជំរុញការនិយោគលើវិស័យកែច្នៃ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់បានលើកឡើងដែរថា រាល់ការវិនិយោគត្រូវមានការសិក្សា មានផែនការវិនិយោគច្បាស់លាស់ និងទីផ្សារពិតប្រាកដ ដើម្បីធានាឱ្យការវិនិយោគស្របតាមគោលនយោបាយជាតិ ទទួលបានការគាំទ្រ ផ្តល់ផលចំណេញ និងមាននិរន្តរភាពសេដ្ឋកិច្ច ពិសេសផ្តល់ផលចំណេញដល់កសិករ និងអ្នកវិនិយោគផ្ទាល់៕ អត្ថបទ៖ រង្សី