តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយនានានៅកម្ពុជា ចាប់ពីថ្ងៃ១០ រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ត្រូវលក់ក្នុងតម្លៃ ៤,១០០រៀល សម្រាប់សាំងធម្មតា និងម៉ាស៊ូតត្រូវលក់ ៤,០០០ រៀល ក្នុង១លីត្រ។នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ។
ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា តម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាមបណ្ដាស្ថានីយនានាក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ដោយនៅក្នុងនោះតម្លៃប្រេងសាំងធម្មតាត្រូវលក់រាយក្នុងមួយលីត្រ៤,១០០រៀល និងម៉ាស៊ូតលក់រាយ៤,០០០រៀល ក្នុងមួយលីត្រ។
តម្លៃនេះបើប្រៀបធៀបត្រឹមថ្ងៃទី២១ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ឃើញថា តម្លៃសាំងនៅកម្ពុជាចុះថ្លៃ១០០រៀលនៅក្នុងមួយលីត្រ ខណៈប្រងម៉ាស៊ូតវិញចុះថ្លៃ ៥០រៀល ក្នុងមួយលីត្រ។
គួរបញ្ជាក់ថា ការកំណត់តម្លៃប្រេងខាងលើនេះ គឺផ្អែកទៅលើទីផ្សារអន្តរជាតិ ប៉ុន្តែដោយអនុវត្តតាមគោលការណ៍ដែលដាក់ចុះមកសម្តេចធិបតីហ៊ុន ម៉ាណែត ក្នុងគោលបំណងដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្រ៕ អត្ថបទ៖ រង្សី