ក្រុមហ៊ុន Acciona Energía ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់អេស្ប៉ាញ មានប្រតិបត្តិការទាំងស្រុងអស់រយៈពេលជាង៣០ឆ្នាំ លើបច្ចេកវិទ្យាការផលិតថាមពលកកើតឡើងវិញ មានគម្រោងទាញយកអគ្គិសនីដោយថាមពលខ្យល់នៅក្នុងប្រទេសកម្ពុជា។
នេះបើតាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា ដឹកនាំដោយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅមជ្ឈមណ្ឌលកណ្ដាលរបស់ក្រុមហ៊ុន Acciona Energía កាលពីទី១១ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងបទបង្ហាញជូនគណៈប្រតិភូកម្ពុជា នាដំណើរទស្សនកិច្ចនិច្ចនោះ ក្រុមហ៊ុន Acciona Energía បានជម្រាបជូនអំពីបេសកកម្មការងារ និងប្រតិបត្តិការវិនិយោគរបស់ខ្លួនក្នុងវិស័យថាមពលកកើតឡើងវិញ ពិសេសឯកទេសក្នុងការអភិវឌ្ឍន៍ និងការគ្រប់គ្រងដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាព ដល់គណៈប្រតិភូមកម្ពុជា។ដោយក្រុមហ៊ុនផលិតថាមពលដ៏ធំមួយនេះបានបញ្ជាក់ថា ក្រុមហ៊ុនមានបុគ្គលិកប្រមាណជាង ៥៨.០០០នាក់ មកពី ៤០ប្រទេសផ្សេងៗគ្នាបម្រើការងារ។
ជាមួយគ្នានោះ ក្រុមហ៊ុន Acciona Energía ក៏មានគម្រោងទាញយកអគ្គិសនីដោយថាមពលខ្យល់មួយចំនួននៅក្នុងប្រទេសកម្ពុជា លើសពីនេះ ក្រុមហ៊ុនក៏មានបំណងចង់ពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀតផងដែរ។
សូមជម្រាបជូនផងដែរថា កម្ពុជា កំពុងឈានឆ្ពោះទៅការធ្វើថាមពលដើរដោយខ្យល់នាពេលខាងមុខនេះផងដែរ។ដោយកាលពីពេលថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ ក៏ធ្លាប់បានបញ្ជាក់ថា ថាមពលដើរដោយខ្យល់ គឺសំខាន់ខ្លាំងណាស់ ជាចំណែកមួយនៃការដាក់ថាមពលស្អាត នៅក្នុងពិភពលោក ហើយការដំឡើងថាមពលដើរដោយខ្យល់នៅកម្ពុជា គឺដើម្បីជួយរុញថាមពលស្អាត និងថាមពលកកើតឡើងវិញ សម្រាប់ប្រព័ន្ធអគ្គិសនី នៅក្នុងប្រទេសកម្ពុជា។
លើសពីនេះ កម្ពុជា នឹងទាញយកថាមពលអគ្គិសនីដើរដោយខ្យល់នាពេលខាងមុខដ៏ខ្លី នៅក្នុងខេត្តមណ្ឌលគិរី និងតំបន់ភ្នំបូកគោ៕