សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចចេញសារាចរស្តីពី ការរៀបចំនិងការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ដើម្បីអភិបាលកិច្ចនិងការធ្វើទំនើបកម្ម ស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់។
យោងតាមសារាចរ ដែលចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថាដើម្បីធានាឱ្យបាននូវការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នមានប្រសិទ្ធភាពខ្ពស់ឈរលើអភិក្រម ពង្រឹងនិងការរៀបចំផ្ទះរបស់ខ្លួនឱ្យរៀបរយ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការពាក់ព័ន្ធដោយនែនាំឱ្យក្រសួង ស្ថាប័នត្រូវពិនិត្យនិងរៀបចំរចនាសម្ព័ន្ធដែលមានស្រាប់ឱ្យបានរៀបរយ ដោយប្រើប្រាស់ឱ្យអស់នូវលទ្ធភាពនិងសក្តានុពល ក្នុងការកែលម្អការអនុវត្តមុខងារដែលជាសមត្ថកិច្ចរបស់ខ្លួន។
សម្តេចធិបតី ក៏បានណែនាំឱ្យក្រសួង ស្ថាប័នការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងនិងរដ្ឋលេខាធិការដ្ឋាន រួមទាំងការបង្កើតនិងការកែសម្រួល រចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ត្រូវអនុវត្តដោយផ្អែកលើលក្ខខណ្ឌនៃការពិនិត្យឡើងវិញជារួមនូវ មុខងារដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួង រដ្ឋលេខាធិការដ្ឋាន និងរចនាសម្ព័ន្ធដែលមានស្រាប់ រួមទាំងរចនាសម្ព័ន្ធចំណុះក្រសួង រដ្ឋលេខាធិការដ្ឋាន និងរចនាសម្ព័ន្ធរបស់ស្ថាប័ន ក្រុមប្រឹក្សា អាជ្ញាធរគណៈកម្មាធិការ គណៈកម្មការ និងយន្តការនានា ដែលក្រសួងនិងរដ្ឋលេខាធិការដ្ឋានត្រូវទទួលបន្ទុកការបង្កើតនិងការកែសម្រួលក្រុមប្រឹក្សា អាជ្ញាធរ គណៈកម្មាធិការ ឬអង្គភាពថ្មី ដើម្បីបំពេញបេសកកម្មនិងមុខងារក្នុងដែនសមត្ថកិច្ចរបស់ក្រសួងស្ថាប័ននោះ។
ដោយឡែក ចំពោះបែបបទនិងនីតិវិធីនៃការពិគ្រោះយោបល់វិញ សម្តេចធិបតី ក៏បានណែនាំឱ្យក្រសួង ស្ថាប័នត្រូវលើកសំណើនៃការរៀបចំនិងការកែសម្រួលរចនាសម្ព័ន្ធរបស់ខ្លួនមកក្រសួងមុខងារសាធារណៈដើម្បីពិគ្រោះយោបល់អនុលោមបទប្បញ្ញត្តិដែលមានកំណត់ក្នុងអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែង ក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រសួង ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន បន្ទាប់ពីបានឆ្លងការពិគ្រោះយោបល់ខាងលើរួច សំណើរបស់ក្រសួង ស្ថាប័នត្រូវដាក់ឆ្លងកិច្ចប្រជុំនានា ដែលរៀបចំដោយទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីទទួលបានការពិនិត្យនិងផ្តល់យោបល់ពីគ្រប់ក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធ អនុលោមតាមបែបបទនិងនីតិវិធីជាធរមានទីស្តីការគណៈរដ្ឋមន្ត្រី លើកសំណើដែលបានដាក់ឆ្លងកិច្ចប្រជុំពិគ្រោះយោបល់រួចរាល់ ជូននាយករដ្ឋមន្ត្រី ពិនិត្យនិងសម្រេច។
ជាថ្មីម្តងទៀត សម្តេចធិបតី បានបញ្ជាក់ថា ទទួលបានសារាចរនេះ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ គ្រប់ក្រសួង ស្ថាប័ន ត្រូវតែអនុវត្តឱ្យមានប្រសិទ្ធភាពនិងដោយស្មារតីទទួលខុសត្រូវខ្ពស់៕