ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសារាចរណែនាំ ១១ចំណុច ដើម្បីពង្រឹងការរក្សាសុវត្ថិភាពនាវា-ទូកចម្លងដឹកអ្នកដំណើរ ខណៈរដូវវស្សាដែលស្ថានភាពអាកាសធាតុមានការប្រែប្រួល និងតែងតែកើតមានជាញឹកញាប់នូវព្យុះ ភ្លៀង ខ្យល់កន្ត្រាក់ និងចរន្តទឹកហូរខ្លាំង។
យោងតាមសារាចរណែនាំ ស្តីពីវិធានការពង្រឹងការរក្សាសុវត្ថិភាពនាវា-ទូកចម្លងដឹកអ្នកដំណើរ ដែលផ្សាយចេញកាលល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រសួងសាធារណការ បានណែនាំដល់ម្ចាស់អាជីវកម្ម កំពង់ចម្លងទាំងអស់ និងម្ចាស់នាវា-ទូកដឹកជញ្ជូនគ្រប់ប្រភេទ អំពីការពង្រឹងវិធានការសុវត្ថិភាព និងការរក្សា សុវត្ថិភាពនាវា-ទូកចម្លងចំនួន ១១ ចំនុច ដូចជា៖
១៖ គ្រប់អាជីវកម្មកំពង់ចម្លងទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់នាវា-ទូកចម្លងកែច្នៃខុសបច្ចេកទេសយកមកប្រើប្រាស់ជានាវា-ទូកចម្លង។
២៖ ត្រូវធានាថា នាវា-ទូកចម្លង បានទទួលការត្រួតពិនិត្យលក្ខណៈបច្ចេកទេសជាប្រចាំទៅតាមការកំណត់ ក្នុងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងប្រកាសស្តីពីនីតិវិធីនៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេស នាវាឆ្នេរសមុទ្រ និងនាវាផ្លូវទឹកក្នុងប្រទេស ដើម្បីធានាថានាវា-ទូកខ្លួនបានគោរពតាមវិធានបច្ចេកទេស សមស្របសម្រាប់ការធ្វើនាវាចរណ៍ប្រកបដោយសុវត្ថិភាព ជាពិសេសត្រូវយកចិត្តទុកដាក់លើចំណុច ចាំបាច់ដូចជា សំបកទូក គ្រឿងម៉ាស៊ីន ប្រព័ន្ធចង្កូត ដំបូលទូក ប្រព័ន្ធភ្លើង សញ្ញាសំឡេង ឧបករណ៍ សុវត្ថិភាពនៅលើទូក ឧបករណ៍សង្គ្រោះបឋម និងសញ្ញាប្រកាសអាសន្នជាដើម។
៣៖ ត្រូវរៀបចំកន្លែងអង្គុយ ឬឈរឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់សម្រាប់អ្នកដំណើរគ្រប់រូបដែលស្ថិត នៅលើនាវា-ទូក។
៤៖ ត្រូវណែនាំឱ្យអ្នកដំណើរអង្គុយ ឬឈរតាមកន្លែងសមស្របដែលអាចរក្សាលំនឹងរបស់នាវា-ទូក។
៥៖ ត្រូវពិនិត្យលើចំនួនអ្នកដំណើរ និងវត្ថុផ្សេងទៀតដែលដឹកតាមនាវា-ទូក ដើម្បីធានាថាទម្ងន់ផ្ទុកមិនត្រូវលើសសមត្ថភាពរបស់នាវា-ទូកជាដាច់ខាត។
៦៖ ត្រូវបំពាក់ឧបករណ៍ សម្ភារៈបរិក្ខារសុវត្ថិភាពចាំបាច់ផ្សេងទៀតនៅលើនាវា-ទូក ឱ្យបានគ្រប់គ្រាន់ដូចជា ពោងសុវត្ថិភាព ភ្លើងបំភ្លឺ និងអាវពោងជាដើម។
៧៖ ត្រូវរៀបចំចំណតសម្រាប់នាវា-ទូកចម្លងចេញចូល និងសម្រាប់អ្នកដំណើរឡើងនិងចុះចេញប្រកប ដោយសុវត្ថិភាព។
៨៖ ត្រូវដាក់ស្លាកណែនាំសុវត្ថិភាពដល់អ្នកដំណើរឱ្យបានយល់ដឹង និងត្រូវណែនាំអំពីសុវត្ថិភាពចម្បង របស់ខ្លួននៅលើនាវា ទូក ជាពិសេសត្រូវឱ្យអ្នកដំណើរពាក់អាវពោងឱ្យបានគ្រប់គ្នា មុនចេញដំណើរ។
៩៖ ត្រូវគ្រប់គ្រងអ្នកដំណើរឱ្យបានត្រឹមត្រូវ និងរក្សាសណ្តាប់ធ្នាប់របៀបរៀបរយក្នុងពេលធ្វើដំណើរ។
១០៖ ត្រូវធានាថានាវា-ទូកចម្លងមានក្រុមនាវិកគ្រប់គ្រាន់ដូចជា បរិបាលនាវា យន្តការរីនាវា ឬនាវិកផ្សេងទៀត ដែលមានសមត្ថភាពពេញលេញក្នុងការធ្វើប្រតិបត្តិការដឹកជញ្ជូនអ្នកដំណើរ។
១១៖ អ្នកបើកបរនាវា-ទូក ត្រូវយកចិត្តទុកដាក់ខ្ពស់លើស្ថានភាពផ្លូវទឹករំហូរទឹក និងព័ត៌មានស្តីពីអាកាសធាតុ ហើយក្នុងករណីអាកាសធាតុមិនអំណោយផលដូចជា មានភ្លៀងខ្លាំង ទឹកហូរខ្លាំង ឬខ្យល់កន្ត្រាក់ ខ្លាំងដែលអាចបង្កគ្រោះថ្នាក់ ត្រូវផ្អាកការធ្វើដំណើរសិន និងត្រូវរកទីសំចតសុវត្ថិភាពភ្លាម និងត្រូវរង់ចាំដល់ពេលអាកាសធាតុមានភាពប្រសើរឡើងវិញទើបអាចបន្តដំណើរបាន៕