លោក ហេង សួរ៖ មហិច្ចតារបស់កម្ពុជា ចង់បានការវិនិយោគលើឧស្សាហកម្មដែលមានតម្លៃបន្ថែម

សង្គម​ និង​សេដ្ឋកិច្ច

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា មហិច្ចតារបស់កម្ពុជាដែលចង់បាននូវការវិនិយោគលើឧស្សាហកម្មដែលមានតម្លៃបន្ថែម ដូចជា៖ គ្រឿងយន្ត គ្រឿងម៉ាស៊ីន និងគ្រឿងបង្គុំជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហេង សួរ ថ្លែងបែបនេះ ក្នុងពេលជួបពិភាក្សាការងារជាមួយ លោកស្រី Deborah FRANCE-MASSIN ប្រធានការិយាល័យសកម្មភាពនិយោជក (ACT/EMP) នៃអង្គការអន្តរជាតិខាងការងារ (ILO) កាលពីថ្ងៃទី១២ ខែមិថុនា នៅប្រទេសស្វីស។ជំនួបនេះ ធ្វើឡើងក្នុងពេលលោករដ្ឋមន្រ្តីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO)ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានរំលឹកពីការជួយបណ្តុះបណ្តាលនិងការពង្រឹងសមត្ថភាពដល់សហព័ន្ធនិយោជកកម្ពុជាកាលពីពេលកន្លងទៅ ដែលបានរួមចំណែកធ្វើឱ្យនិយោជកកម្ពុជាកាន់តែមានសមត្ថភាពខ្ពស់មួយកម្រិតបន្ថែមទៀត។

 ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា៖«មហិច្ចតារបស់កម្ពុជាដែលចង់បាននូវការវិនិយោគ លើឧស្សាហកម្មដែលមានតម្លៃបន្ថែមដូចជាគ្រឿងយន្ត គ្រឿងម៉ាស៊ីន និងគ្រឿងបង្គុំជាដើម ខណៈដែលកម្ពុជាបានដាក់ចេញនូវគោលនយោបាយនៃការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ»។

លោករដ្ឋមន្ត្រី ក៏បានអះអាងដែរថា ទន្ទឹមនឹងតម្រូវការកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ កម្ពុជាក៏បាននិងកំពុងបង្កើតការងារសមរម្យសម្រាប់ប្រជាពលរដ្ឋផងដែរ ដែលសបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគោរពលក្ខខណ្ឌស្តង់ដារការងារតាមរយៈការទទួលស្គាល់នៃអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារជាដើម។

ត្រង់ចំណុចនេះ លោកស្រី Deborah FRANCE-MASSIN បានវាយតម្លៃខ្ពស់ចំពោះការគូសបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រី អំពីភាពចាំបាច់នៃគម្លាតរវាងកម្មករនិយោជិត និងនិយោជកដែលជាចំណុចសំខាន់ក្នុងការបង្កើតបរិយាកាសការងារឱ្យល្អប្រសើរ ហើយលោកស្រីប្រធាន បានគូសបញ្ជាក់ថាភាគីលោកស្រី និងកម្មករនិយោជិតនឹងត្រូវតែធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិកាដើម្បីបង្កើតឱ្យបាននូវទំនាក់ទំនងវិជ្ជាជីវៈប្រកបដោយភាពសុខសាន្ត។

គួរបញ្ជាក់ដែរថា នៅក្នុងជំនួបខាងលើនេះដែរ លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណការិយាល័យសកម្មភាពវិនិយោគរបស់ILOចំពោះការចូលរួមគាំទ្រលើការអនុវត្តឱ្យជោគជ័យលើសម្រាប់ភាពសុខសាន្តក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា៕ អត្ថបទ៖ រង្សី