ការនាំចេញកៅស៊ូរបស់កម្ពុជាកើនឡើងជិត១៣% ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤នេះ គិតជាទឹកប្រាក់ប្រមាណជាង១៦៥លានដុល្លារអាមេរិក។នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ។

របាយការណ៍អគ្គនាយកដ្ឋានកៅស៊ូ បានឲ្យដឹងថា ចំណូលពីការនាំចេញជ័រកៅស៊ូរបស់កម្ពុជា គិតត្រឹមខែឧសភា ឆ្នាំ២០២៤ មានចំនួន១៦៤ ៤៩០ ៦០០ដុល្លារ។ ចំណែកឯការនាំចេញឈើកៅស៊ូ មានចំនួន១ ០៤៩ ៥០៩ដុល្លារ។ដោយក្នុងខែឧសភា កម្ពុជាទទួលបានចំណូលជិត ៤០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូជាង២៥ពាន់តោន។
បើតាមអគ្គនាយកដ្ឋានកៅស៊ូ គិតត្រឹមខែឧសភា ឆ្នាំ២០២៤ ជ័រកៅស៊ូមានតម្លៃ ១,៤៨៥ដុល្លារ ក្នុង១តោន កើនឡើងចំនួន៦៩ដុល្លារ ក្នុង១តោន ស្មើនឹង៤.៨៩% ធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំមុន។ ចំណែកឯតម្លៃនៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែឧសភា ឆ្នាំ២០២៤ មានតម្លៃ២៩៤ដុល្លារ ក្នុងមួយម៉ែត្រគីប។

ពាក់ព័ន្ធនឹងតម្លៃកៅស៊ូនេះ បើម្ចាស់ចំការកៅស៊ូមួយកន្លែង នៅខេត្តត្បូងឃ្មុំ បានឲ្យដឹងថា តម្លៃកៅស៊ូក្នុងខែនេះ គឺនៅដ៏ដែល ពោលមានតម្លៃចន្លោះពី ២,៧០០រៀល ទៅ២,៩០០រៀលក្នុង១គីឡូ ទៅតាមតំបន់ និងគុណភាពនៃជ័រ។
លោកបានបន្តថា ទិន្នផលជ័រកៅស៊ូនៅឆ្នាំនេះ គឺមានការថយចុះ ដោយសារតែអាកាសធាតុក្ដៅ។
សូមជម្រាបជូនថា ផ្ទៃដីកៅស៊ូនៅកម្ពុជាសរុបមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៩% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១%៕
