សម្តេចធិបតី៖ ប្រព័ន្ធរំដោះ និងពង្វាងទឹកចេញពីភ្នំពេញ តម្លៃជាង៤០០លានដុល្លារ សាងសង់បានប្រមាណ​ ៧៦%​

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានចាត់ទុកថា គម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្ត្រ រាជធានីភ្នំពេញ ពិតជាមានសារសំខាន់ណាស់។ ប្រព័ន្ធនេះ នឹងផ្តល់ប្រយោជន៍ជាច្រើនដល់កសិករ និងវិស័យទេសចរណ៍ថែមទៀត។សម្តេចធិបតី ថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញពិនិត្យប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងទឹកស្ទឹងព្រែកត្នោត កាលព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចធិបតី បានលើកឡើងថា ប្រព័ន្ធធារាសាស្ត្ររំដោះទឹកស្ទឹងព្រែកត្នោតនេះ មិនមែនផ្ដល់ផលតែរាជធានីភ្នំពេញប៉ុណ្ណោះទេ តែក៏បានជួយស្រោចស្រង់តំបន់ដែលធ្លាប់ជន់លិចជាង ៣០ ម៉ឺនហិកតា ដែលធ្លាប់រងផលប៉ះពាល់ដល់ស្រែចម្ការ លំនៅដ្ឋាន និងតំបន់រោងចក្រមួយចំនួនទៀតផងដែរ ស្ថិតក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ។

លើសពីនេះ សម្តេចធិបតី បានបន្ថែមថា គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ចេញពីភ្នំពេញ និងតំបន់រណបនេះ បានចំណាយថវិកាសាងសង់ និងស្ដារឡើងវិញជាង ៤០០ លានដុល្លារ។ សម្តេចថា ប្រព័ន្ធធារាស្រ្ដនេះ ក្រៅពីរំដោះជំនន់នៅភ្នំពេញ វាក៏នឹងផ្ដល់ប្រយោជន៍ ជាច្រើនទៀត រួមទាំងជួយផ្ដល់ទឹកសម្រាប់ធ្វើចម្ការស្រែ ផ្ដល់ជាផ្លូវថ្នល់សម្រាប់ពលរដ្ឋធ្វើដំណើរ ពិសេសម្រើដល់វិស័យទេសចរណ៍ផងដែរ។

គួរបញ្ជាក់ដែរថា បើតាមដំណើរចុះពិនិត្យវឌ្ឍនភាពរបស់សម្ដេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ថា គិតមកដល់ពេលនេះ ប្រព័ន្ធធារាសាស្ត្ររំដោះទឹកស្ទឹងព្រែកត្នោត ដែលសម្រេចបានប្រមាណ​ ៧៦%​។

គម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណបត្រូវអនុវត្តជាបីជំហាន បច្ចុប្បន្ន ក្រសួងធនធានទឹក និងឧតុនិយម កំពុងអនុវត្តជំហានទី១ និងទី២ ដោយចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២៣ ហើយគ្រោងបញ្ចប់នៅដំណាច់ខែសីហា ឆ្នាំ២០២៤។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ស្តារស្ទឹង និង ប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន ៣៦៦កន្លែង ក្នុងនោះមានសាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែងបំពាក់ដោយម៉ូទ័របូមទឹកចំនួន ២៧គ្រឿង និងសំណង់ ទ្វារទឹក​ (ក្បាលហុង) ចំនួន ១កន្លែង។

ការងារសាង សង់សំណង់ទ្វារទឹកនិងស្ដារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ចាប់ពីស្ទឹងព្រែកត្នោតក្នុងឃុំរលាំងចក ខេត្តកំពង់ស្ពឺ ដល់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ២)ការងារសាងសង់ស្ថានីយបូមទឹកសាក់សំពៅក្នុងភូមិសាស្ត្ររាជធានី ភ្នំពេញដែលមានសំណង់អគារកម្ពស់ ៨ម៉ែត្រ និងទទឹង ២៧ម៉ែត្រ មានក្បាលបូម ៦គ្រឿង និង ៣)ការងារ ស្តារប្រឡាយព្រែកហូរ ប្រវែង ៧,២គីឡូម៉ែត្រនៃគម្រោងប្រព័ន្ធស្រោចស្រពនិងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល៕​អត្ថបទ៖ រង្សី