ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកអគ្គរដ្ឋទូតគុយបា បានឯកភាពគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យវិស័យកសិ-ពាណិជ្ជកម្ម ផលិតកម្មស្រូវ និងការវិនិយោគទ្វេភាគី ឱ្យកាន់តែរីកចំរើនថែមទៀត។
ការសម្រេចឯកភាពគ្នានេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសមរវាងលោកស្រី Milena Caridad Zaldivar ឯកអគ្គរដ្ឋទូតគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីពេលថ្មីនេះ។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្រ្ដី និងលោកស្រីឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់អំពីទំនាក់ទំនងយូរអង្វែងរវាងកម្ពុជា និងគុយបា ដែលបានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ដែលជាមរតករបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងលោក Fidel Castro និងដែលបានរីកចម្រើនទៅជាទំនាក់ទំនងដែលគ្រប់ដណ្តប់លើវិស័យជាច្រើន។
ទន្ទឹមគ្នានេះ ភាគីទាំងពីរ ក៏បានសម្ដែងនូវការប្តេជ្ញាចិត្តក្នុងការធ្វើការងាររួមគ្នា ឆ្ពោះទៅរកការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈយោគយល់គ្នា និងកិច្ចព្រមព្រៀងទ្វេភាគីដែលបានចុះហត្ថលេខា ក៏ដូចជាស្វែងរកឱកាស ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ លើវិស័យផ្សេងៗ។ ពិសេស ភាគីទាំងពីរ បានឯកភាពគ្នាផងដែរក្នុងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗដែលមានសក្តានុពល រួមទាំង កសិ-ពាណិជ្ជកម្ម ផលិតកម្មស្រូវ និងការវិនិយោគជាដើម។
លើសពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាអំពីឱកាសក្នុងការជំរុញពាណិជ្ជកម្ម និងធុរកិច្ច តាមរយៈសកម្មភាពនានា ដូចជាពិព័រណ៍ពាណិជ្ជកម្មនៅក្នុងប្រទេសនីមួយៗ ផងដែរ ។ ភាគីទាំងពីរ បានសម្តែងក្តីសង្ឃឹមថា កិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៣ នាពេលខាងមុខ រវាងក្រសួងការបរទេសទាំងពីរនៅទីក្រុងឡាហាវ៉ាន នៅខែចុងនេះ នឹងជាទីកន្លែងដ៏ប្រសើរ សម្រាប់ពិភាក្សា និងដាក់ចេញនូវសកម្មភាពនានា ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ព្រមទាំងស្វែងរកវិស័យផ្សេងទៀតសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត៕ អត្ថបទ៖ រង្សី