លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើសុំឱ្យក្រុមហ៊ុន Bayernhafen Nürnberg ជាមជ្ឈមណ្ឌលដឹកជញ្ជូន និងភស្ដុភារកម្មដ៏សំខាន់បំផុតមួយនៅអាលឺម្លង់ ឲ្យពិចារណាដាក់ទុកវិនិយោគ លើផ្នែកភស្ដុភារកម្មនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ស្នើបែបនេះក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា រួមមានពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា ចុះទស្សនកិច្ចមជ្ឈមណ្ឌលដឹកជញ្ជូន Bayernhafen Nürnberg កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅអាលឺម្លង់។
ក្នុងជំនួបជាមួយតំណាងក្រុមហ៊ុន លោក Ingmar Schellhas នាយកប្រតិបត្តិក្រុមហ៊ុន Bayernhafen Nürnberg លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនអំពីបេសកកម្មរបស់គណៈប្រតិភូកម្ពុជានាឱកាសនេះក្នុងការបញ្ជ្រាបអំពីសក្ដានុពលវិនិយោគ និងបច្ចុប្បន្នភាពនៃការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជាជូនដល់វិនិយោគិនបានទទួលជ្រាប។

បន្ទាប់ពីនេះ លោកក៏បានដឹកនាំគណៈប្រតិភូ ចុះពិនិត្យមជ្ឈមណ្ឌលដឹកជញ្ជូននិងភស្ដុភារកម្ម និងព្រែកជីក Rhine–Main–Danube របស់អាល្លឺម៉ង់ ព្រមទាំងបានសាកសួរអំពីបទពិសោធន៍នៃការវិនិយោគរបស់ក្រុមហ៊ុនលើគម្រោងយក្សផ្នែកដឹកជញ្ជូននិងភស្ដុភារកម្ម ពិសេសបទពិសោធន៍របស់ក្រុមហ៊ុនក្នុងការប្រើប្រាស់ព្រែកជីកនេះ ដើម្បីសម្រួលដល់ការដឹកជញ្ជូនពីផ្លូវទឹកមកផ្លូវដែកក្នុងប្រទេស ដែលនេះមានប្រយោជន៍សម្រាប់កម្ពុជាប្រើប្រាស់ជាទឡ្ហីករក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធពហុមធ្យោបាយរបស់ខ្លួនបានផងដែរ។
ក្រោយពីមានចំណាប់អារម្មណ៍ខ្ពស់ចំពោះប្រតិបត្តិការវិនិយោគរបស់ក្រុមហ៊ុន លោក ស៊ុន ចាន់ថុល ក៏បានស្នើសុំឱ្យក្រុមហ៊ុន Bayernhafen Nürnberg ពិចារណាដាក់ទុកវិនិយោគរបស់ខ្លួន លើផ្នែកភស្ដុភារកម្មនៅកម្ពុជាផងដែរ។

សូមជម្រាបជូនថា Bayernhafen Nürnberg គឺជាមជ្ឈមណ្ឌលដឹកជញ្ជូន និងភស្ដុភារកម្មដ៏សំខាន់បំផុតមួយ ដែលតភ្ជាប់រវាងផ្លូវដែក និងផ្លូវទឹកប្រកបដោយប្រសិទ្ធភាព។ ឧស្សាហកម្មចម្រុះនៅក្នុង Bayernhafen Nürnberg រួមមានអន្តរមធ្យោបាយដឹកជញ្ជូននិងភស្ដុភារកម្ម ការដឹកជញ្ជូនទំនិញ ការកែច្នៃ ឧស្សាហកម្ម ពាណិជ្ជកម្ម ឃ្លាំង និងការផ្តល់សេវាទាក់ទងនឹងការដឹកជញ្ជូនជាដើម។
ក្រុមហ៊ុន Bayernhafen Nürnberg ប្រើប្រាស់ការដឹកជញ្ជូនតាមផ្លូវទឹកក្នុងទីក្រុងទៅកាន់កំពង់ផែសមុទ្រតាមរយៈព្រែកជីក Rhine–Main–Danube ដែលទម្រង់នៃការដឹកជញ្ជូននេះគឺមានភាពស្រដៀងគ្នាទៅនិងគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា ដែលនឹងតភ្ជាប់ការដឹកជញ្ជូនពីទន្លេទៅសមុទ្រកម្ពុជា៕



