សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការដោះស្រាយហេដ្ឋារចនាសម្ព័ន្ធផ្លូវផ្លូវថ្នល់ ពិសេសប្រព័ន្ធដឹកជញ្ជូនសាធារណៈក្រោមដី គឺកិច្ចការសំខាន់ដែលត្រូវរួមគ្នាគិតគួរឱ្យអស់លទ្ធភាព ដើម្បីបញ្ចៀសការកក់ស្ទះ ស្រប់ពេលដែលកំណើនពលរដ្ឋនៅភ្នំពេញ។
សម្តេចធិបតី ថ្លែងដូច្នេះ នៅក្នុងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល កាលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ភាពសម្បូរបែបនៅក្នុងរាជធានី និងទីក្រុង គឺបានបញ្ជាក់យ៉ាងច្បាស់ពីការរីកច្រើនរបស់ប្រទេសកម្ពុជាទាំងបរិមាណ និងគុណភាព។ សម្ដេចធិបតីបញ្ជាក់ថា ដរាបណាកម្ពុជានៅតែមានស្ថិរភាព និងសន្ដិភាពនោះការអភិវឌ្ឍរីកច្រើននឹងនៅតែមានបន្ថែមទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា មានស្ថិរភាព មានសុខសន្តិភាពអង្វែងយូរ នឹងធ្វើឱ្យមានកំណើនពលរដ្ឋ ហេតុនេះភ្នំពេញ និងខេត្តកណ្ដាល នឹងបន្តរីកបន្ថែមទៀត។ហេតុនេះ ដើម្បីដោះស្រាយបញ្ហាកក់ស្ទះ និងសម្រួលដល់ការស់នៅរបស់ពលរដ្ឋនៅទីក្រុងភ្នំពេញ កាន់តែងាយស្រួល និងសំបូរបែប គឺក្រៅពីយើងគិតប្រព័ន្ធដឹកជញ្ជូនសាធារណៈនៅលើដីហើយនោះ គឺយើងក៏ត្រូវរួមគ្នាគិតទៅដល់ប្រព័ន្ធដឹកជញ្ជូនក្រោមដីឱ្យបណ្តាប្រទេសទំនើបបន្ថែមទៀតផងដែរ។
បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កម្ពុជាត្រូវពង្រឹង និងពង្រីកលើប្រព័ន្ធដឹកជញ្ជូនសាធារណៈឱ្យបានកាន់តែច្រើនថែមទៀតដូច្នេះ គឺក្នុងគោលបំណងដើម្បីខិតខំបង្ខិតសេវាដឹកជញ្ជូនសាធារណៈជាពិសេសរថយន្តក្រុងឱ្យទៅដល់ក្បែរផ្ទះពលរដ្ឋរស់នៅ សំដៅភ្ជាប់ប្រជាពលរដ្ឋទាំងនៅទីក្រុងនិងជនបទឱ្យកាន់តែខិតជិត៕ អត្ថបទ៖ រង្សី