សម្តេចធិបតី ស្នើឱ្យក្រសួងរ៉ែ គិតគូរច្បាប់ផ្គត់ផ្គង់ហ្គាសចូលក្នុងផ្ទះ ឬអគារខ្ពស់ៗ ដើម្បីធានាសុវត្ថិភាព

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងរ៉ែ និងថាមពល និងក្រសួងពាក់ព័ន្ធត្រូវគិតគូរឱ្យហើយអំពីច្បាប់លើការផ្គត់ផ្គង់ហ្គាសចូលក្នុងផ្ទះ ឬក្នុងអគារខ្ពស់ ដើម្បីបញ្ចៀសគ្រោះថ្នាក់នាពេលខាងមុខ ខណៈអគារខ្ពស់ៗ ជាច្រើនកំពុងតហ្គាសចូលទៅក្នុងផ្ទះដើម្បីប្រើប្រាស់ ហើយខ្វះការត្រួតពិនិត្យនិងគ្រប់គ្រង់ឱ្យបានត្រឹមត្រូវផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមប្រសាសន៍សម្តេច នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៤នេះ ខណៈសម្តេចអញ្ជើញធ្វើជាអធិបតីភាព បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល។

នាឱកាសនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជារំពឹងថា កំណើនខ្ពស់ឡើងវិញ ដោយសារកាលពីឆ្នាំ២០២៣ មានកំណើនប្រមាណ ៥ ភាគរយ ឆ្នាំ២០២៤ រំពឹងកំណើនខ្ពស់ ហើយនៅឆ្នាំ២០២៥ ក៏កាន់តែមានកំណើនខ្ពស់ថែមទៀត។

ហេតុនេះ ស្រប់ពេលដែលប្រទេសកម្ពុជា កាន់តែរីកចំរើន ហើយសេដ្ឋកិច្ចរាជធានីភ្នំពេញ កាន់តែទោះមុខដែរនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងរ៉ែ និងថាមពល និងក្រសួងពាក់ព័ន្ធត្រូវគិតគូរឱ្យហើយអំពីច្បាប់លើការផ្គត់ផ្គង់ហ្គាសចូលក្នុងផ្ទះ ខណៈអគារខ្ពស់ៗ ជាច្រើនកំពុងតហ្គាសចូលទៅក្នុងផ្ទះដើម្បីប្រើប្រាស់ ពោលគឺដើម្បីបញ្ចៀសគ្រោះថ្នាក់នាពេលខាងមុខ ពោលគឺជួយធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់ ដែលកើតឡើងដោយសារការផ្ទុះហ្គាសជាដើម។

ជាថ្មីម្តងទៀត ទន្ទឹមនឹងការស្នើឱ្យគិតពីច្បាប់ផ្គត់ផ្គង់ហ្គាសនេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានបង្ហាញមោទនភាពដែរថា ប្រទេសកម្ពុជា គឺយើងបានប្រែក្លាយពីប្រទេសមួយដែលពឹងលើបរទេសឱ្យមកជួយរៀបចំកសាងសំណង់នានា ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ យើងមានវិស្វករ និងអ្នកជំនាញ គូរប្លង់ និងរៀបចំសាងសង់សំណង់ អគារតូច ធំៗ និងខ្ពស់កម្រិតអន្តរជាតិជាច្រើន ដោយកូនខ្មែរ ដោយបញ្ញាខ្មែរ។ ចំនុចទាំងនេះ សម្ដេចធិបតី អាចបញ្ជាក់ថា ពេលនេះខ្មែរមានឯករាជ្យភាពលើការរៀបចំសាងសង់ដោយខ្លួនឯងហើយ៕ អត្ថបទ៖ រង្សី